ខេត្តំពង់ចាម ៖ រថយន្តម៉ាក FORD RANGER PICK-UP ចំនួន៨៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានផ្ដល់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន២៣ សម្រាប់ជាមធ្យោបាយជួយសម្រួលដល់ការបម្រេី ក្នុងកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋាន ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ផងដែរ ។
សម្រាប់មូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វត្តមានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តំពង់ចាម បានចូលរួមក្នុងពិធីប្រគល់ និងទទួល ហេីយក៏ជាលេីកទីបីផងដែរ ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទទួលបានរថយន្ដ FORD RANGER PICK-UP ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១១គ្រឿង ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា លេីកទី១-ស្នងការដ្ឋាននគរបាលខេត្តទទួលបានចំនួន០១គ្រឿង ; លេីកទី២-អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកោះសូទិន ចំនួន០១គ្រឿង និងលេីកទី៣-នៅថ្ងៃ៦សីហានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទទួលបានរថយន្តម៉ាក FORD RANGER PICJ-UP នេះ ចំនួន០៨គ្រឿង សម្រាប់ផ្ដល់ជូនអធិការដ្ឋាននគរបាល ស្រុក-ក្រុង ទាំង០៨ ក្នុងនោះមាន÷ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម , ចំការលេី, កំពង់សៀម, ព្រៃឈរ, ជេីងព្រៃ, បាធាយ, កងមាស និងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ។
កម្មវិធីនេះប្រព្រឹត្តទៅនៅខាងមុខទីធ្លាគារ A ក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពីសំណាក់៖ រដ្ឋលេខាធិការ, អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕
ដោយ៖ វណ្ណៈ