ខេត្តបន្ទាយមានជ័យ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានធ្វើការដុតកម្ទេចកាំភ្លើងកែឆ្នៃជាង១៤០ដើម ដែលបានដកហូតពីប្រជាពលរដ្ឋក៏ដូចពីអ្នកប្រព្រឹត្តបទល្មើសកន្លងមក ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ នេះបើយោងតាមការឲ្យដឹងពីលោក ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ។
លោកស្នងការរងបញ្ជាក់ថា៖ កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាកាំភ្លើងបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុបជាង១៤០ដើម។ កាំភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង០៩ស្រុក/ក្រុងក្នុងខេត្តកន្លងមក ដែលប្រព្រឹត្តបទល្មើស និងអ្នករក្សាទុកដើម្បីបាញ់សត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ។
ករណីនេះលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹងថា៖ ការដុតកម្ទេចកាំភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងការប្រើប្រាស់ល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋាន ។
លោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការកែច្នៃ ផលិតឬរក្សាទុកកាំភ្លើងកែឆ្នៃឬគ្រាប់យុទ្ធភ័ណ្ឌផ្សេងៗ ត្រូវសហការណ៍និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញថាមានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់៕ វណ្ណា