ខេត្តកណ្តាល ៖ ឈ្មួញមានឥទ្ធិពលម្នាក់ កំពុងប្រើរថយន្តយីឌុបជាច្រើនសិបគ្រឿង ដឹកអាចម៍ដីចាក់រំលោភយកអូររកា ដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមិនមានអាជ្ញាធរពាក់ព័ន្ធ ហ៊ានបង្ក្រាបឬទប់ស្កាត់ទេ។
ប្រភពពីមន្ត្រីបានឲ្យដឹងថា, អូររកាមានទទឹងប្រមាណជាង ៤០ម៉ែត្រ និងបណ្តោយលាតសន្ធឹងពីព្រំប្រទល់ឃុំព្រែកហ្លួង និងភូមិព្រែកដូនហែម ទៅដល់ភូមិព្រែកក្របៅ៣ នៃឃុំព្រែកអំពិល។ អ្វីដែលសំខាន់នោះ អូររកាគឺជាប្រភពទឹកយ៉ាងសំខាន់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់យកទឹកមកប្រើប្រាស់ និងស្រោចស្រពទៅលើដំណាំកសិកម្មផ្សេងៗ ក៏ដូចជាចរន្តសម្រាប់រំដោះទឹកផងដែរ។ ស្រាប់តែពេលថ្មីៗនេះគេឃើញរថយន្តយីឌុបជាច្រើនសិបគ្រឿង បន្តកន្ទុយគ្នាដូចហែរកឋិន ដឹកអាចម៍ដីយកមកចាក់លុបទាំងបំពាន។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អ្នកដែលចាក់ដីរំលោភយកអូររកា គឺជាមន្ត្រីយោធាផ្កាយម្នាក់ (ពីមុនមានងារជាឧកញ៉ា) និងមានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ ៧០ ដែលសំបូររឿងអាស្រូវដីធ្លីជាច្រើន នៅក្នុងខេត្តកណ្តាល នាពេលកន្លងមកនេះ។
កន្លងមក ក៏ធ្លាប់មានគេធ្វើការចាក់លុបអូររកានេះដែរ តែត្រូវលោកមេឃុំ ឈឹម ម៉េង ឲ្យកាយចេញវិញ ស្រាប់តែពេលនេះក៏មានការចាក់លុបពេញទីយ៉ាងគគ្រឹកគគ្រែងតែម្តងតែម្តង។
លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានឲ្យដឹងថា ករណីនេះ អាជ្ញាធរមិនដែលបានរាយការណ៍ មកខាងមន្ទីរជំនាញនោះទេ។ រឿងចាក់លុបរំលោភលើដីរដ្ឋនេះ ពួកឈ្មួញមិនដែលមានឯកសារអ្វីនោះទេ។
ប្រភពចុងក្រោយបានបង្ហើបថា,អ្នកដែលប្រើក្រុមការងារចាក់ដីលុបអូររកានោះ គឺលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលលេខ៧០ គាត់គឺជាជំនាញខាងរកស៊ីដីធ្លី និងបង្កើតនូវប្រភពទំនាស់ដីធ្លីមិនចេះចប់មិនចេះហើយ ជាមួយប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរ និងជានាយទាហានមានឈ្មោះជាអភិបាលក្រុមហ៊ុនទៀតផង។
ពាក់ព័ន្ធក្នុងករណីនេះ លោក ភឺន ផល្លា បានប្រាប់អង្គភាព “នគរដ្រេហ្គន” តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា, តាមពិតខ្ញុំមិនចង់និយាយអ្វីទាំងអស់ ដោយសារតែមានគេទៅចោទ និងថតថាខ្ញុំចាក់ដីលុបបឹង លុបអូរ ការពិតមិនមែនជាករណីលុបអូរឬបឹងនោះទេ គឺខ្ញុំចាក់លុបកន្លែងរណ្ដៅដី ដែលកន្លងមកខ្ញុំបានជីកអាចម៌ដីនោះលក់ឲ្យក្រុមហ៊ុនធ្វើបុរី នៅពីខាងមុខហ្នឹង ! លោកបន្តថា, ដល់ឥឡូវខ្ញុំត្រូវយកអាចម៍ដីមកចាក់លុបកន្លែងកាយអាចម៍ដីលក់នោះវិញ រឿងអីដែលថាខ្ញុំរំលោភចាក់ដីលុបយកអូរ ! ហើយបើជាអូរ តើមានប្រភពទឹកត្រូវឆ្លងកាត់តំបន់នោះដែលទេ ព្រោះអត់មានសោះ ! ។
លោក ភឺន ផល្លា បានបញ្ជាក់ទៀតថា, ដីនេះខ្ញុំមានបង្កាន់ដៃត្រឹមត្រូវដែលអាជ្ញាធរភូមិ ឃុំស្រុក សុីញ៉េអោយ ដូច្នេះនៅពេលដែលខ្ញុំចាក់លុបវិញ មិនចាំបាច់សុំច្បាប់ទៅខាងណាឡើយ បើខាងធនធានទឹកក៏មិនត្រូវ ខាងខ្ញុំសុំច្បាប់ដែរដោយសារមិនពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងរបស់ខាងជំនាញធនធានទឹក។
ពាក់ព័ន្ធក្នុងករណីនេះអង្គភាព”នគរដ្រេហ្គន” មិនអាចធ្វើការទំនាក់ទំនងបានទេទៅលើលោកមេភូមិព្រែកដូនហែម ដោយគ្មានលេខទូរស័ព្ទ, បើលោក ឈឹម ម៉េង មេឃុំព្រែកអំពិល វិញទូរស័ព្ទខលចូលជាលើកលោកមិនលើកទូរស័ព្ទទាល់តែសោះ ។ ប៉ុន្តែលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល មិនបានធ្វើការបកស្រាយក្នុងរឿងនេះទេ ដោយលោកនិយាយថា, កំពុងជាប់រវល់ប្រជុំតាមប្រព័ន្ធវីដេអូ Zoom ហើយលោកតម្រូវឲ្យទៅសួរ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា ដោយផ្ទាល់ទៅ។ ត្រង់សំណួរដែលសួរថា, តើក្នុងនាមអាជ្ញាធរស្តុក តើការចាក់លុបអូរនេះជារឿងត្រឹមត្រូវ មានច្បាប់ ឬមានឯកសារ ជាកម្មសិទ្ធិរបស់លោក ភឺន ផល្លា ដែរឬអត់ ,? លោកអភិបាលស្រុកនិយាយយ៉ាងខ្លីថាខ្ញុំមិនទាន់ឆ្លើយទេ កំពុងជាប់ប្រជុំ យ៉ាងណាៗ សួរលោក ភឺន ផល្លា ទៅ រួចក៏បិទទូរស័ព្ទ។
ជុំវិញបញ្ហាខាងលើនេះ, ប្រសិនបើលោកផ្កាយពីរ ភឺន ផល្លា ពិតជាបានចាក់ដីរំលោភយកអូររកាពិតប្រាកដមែននោះ អាចនឹងមានប្រតិកម្មពីលោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ទោះជាអាជ្ញាធរភូមិ-ឃុំ-ស្រុកអនុញ្ញាតក៏ដោយ ពីព្រោះជាបឹងដែលប្រជាពលរដ្ឋអាស្រ័យផល ពីប្រភពទឹកនៅទីនោះ ។ ប៉ុន្តែក្នុងករណីនេះលោកផ្កាយ 2 ភឺន ផល្លា បានបញ្ជាក់យ៉ាងច្បាស់ថា , គាត់មានបង្កាន់ដៃត្រឹមត្រូវ ក្នុងនាមជាម្ចាស់កម្មសិទ្ធិទីតាំងដែលកំពុងចាក់អាចម៍ដីលុបនេះ ៕
ដោយ, សិលា