ខេត្តបាត់ដំបង ៖ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានរថយន្ត៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃរួចមក នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួល រថយន្តម៉ាក Ford Ranger Pick-Up 3.2L ចំនួន០៥គ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន៥ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត សឿម សារិទ្ធ ស្នងការរង ផែនការងារភស្តុភារ និងហិរញ្ញវរត្ថុ តំណាង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកស្នងការរងបានមានប្រសាសន៍ថា រថយន្តទាំង៥គ្រឿងនេះជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងស្រុក និងខេត្តបាត់ដំបង។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់អធិការក្រុង-ស្រុក ថាត្រូវប្រើប្រាស់រថយន្ដនេះឱ្យត្រឹមត្រូវបំផុត និងថែទាំរថយន្ដឱ្យប្រើប្រាស់យូរ អង្វែង ក្នុងការបំពេញបេសកកម្មជូនជាតិ និងប្រជាពលរដ្ឋ ឲ្យបានល្អ៕