ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង ប្រជាការពារភូមិអូរឬស្សីឃាត់ខ្លួនជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះគ្រួរបង្រៀនប្រមូល យកគ្រឿងអលង្ការ គ្រាដែលជាប់រវល់ ទៅបង្រៀននៅសាលា។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះរងគ្រោះ ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអ៊ុំ សុផលអធិការក្រុងប៉ោយប៉ែតប្រាប់ថាជនសង្ស័យឈ្មោះ ពិន ដា អាយុ៣៦ឆ្នាំ មុខកម្មករ រើសដំឡូងស្នាក់នៅភូមិអូរនាងសង្កាត់ក្រុងខាងលើ។ចំណែក ម្ចាស់ផ្ទះឈ្មោះ លូន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្នុងភូមិខាងលើមានមុខរបរជា គ្រូបង្រៀន។
ក្រោយការឃាត់ខ្លួន យកមកប៉ុស្តិ៍សង្កាត់ផ្សារកណ្តាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគាស់ផ្ទះ ហើយចូលទៅលួចយកគ្រឿងអលង្ការ បានមួយចំនួន។
វត្ថុតាងដែលបានដកហូតពីជនសង្ស័យមាន លោហធាតុពណ៌ក្រហមខ្សែក ចំនួន៣ខ្សែ ក្រវិល២គូ លោហធាតុពណ៌ស ខ្សែក១ខ្សែ លោហធាតុពណ៌ក្រហម៣ខ្សែ និងខ្សែអង្កាំ១ខ្សែ ។
ជនសង្ស័យក្រោយពីកម្លាំងសមត្ថកិច្ចសួរនាំរួចរ៉ាលនឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការណ៏តាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណា