ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ និង ញាតិមិត្តជិតឆ្ងាយ ដែលជាភ្ញៀវកិត្តិយសសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍កូនក្រមុំ និងកូនកម្លោះ នាំគ្នាផ្អើលឈូឆរ បន្ទាប់ពីកូនក្រមុំបានបាត់ចំថ្ងៃចូលរោងការសូត្រមន្ត ក្រោយពីកូនក្រមុំរូបនេះ បានដើរទៅផ្សារជាមួយសាច់ញាតិ ។
ហេតុការណ៍ បាត់កូនក្រមុំចំថ្ងៃចូលរោងនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹង និង មានរូបថតរបស់កូនក្រមុំ ដែលបាត់នេះផងដែរ និង មានឈ្មោះ ជា សាវី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា តាមការបញ្ជាក់របស់សមត្ថកិច្ច តាមគម្រោងនេះ កូនក្រមុំនេះ នឹងចូលរោងការ ហើយសូត្រមន្តនៅល្ងាចថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៦ ប៉ុន្តែនៅព្រឹកថ្ងៃទី២៣មិនា កូនក្រមុំនេះបានទៅទិញរបស់របរនៅផ្សាររមាសជាមួយបងប្អូន រួមទាំងមានគ្រឿងអលង្គការពាក់ជាប់នឹងខ្លួនផងដែរ ក្រោយពីទិញរបស់របរហើយសាច់ញាតិ បានប្រមូលគ្នាត្រឡប់ទៅផ្ទះការវិញ ស្រាប់តែរកកូនក្រមុំមិនឃើញតែម្តង ក៍ចាប់ផ្តើមជ្រួលច្របល់ភ័យហើយនាំគ្នាដើររកប៉ុន្តែរកមិនឃើញទាល់តែសោះ ។ ដោយមានការភ័យខ្លាច ក្រុមគ្រួសារកូនក្រមុំបានដាក់ពក្យប្តឹងទៅសមត្ថកិច្ចគ្រប់ទីកន្លែង ដោយភ្ជាប់ជាមួយនឹងរូបថតផងដែរ ។
ពេលក្រុមគ្រួសារ និងសាច់ញាតិមករកបានប្រទះឃើញនាងកូនក្រមុំសន្លប់ស្តូកស្តឹងនិយាយអ្វីមិនកើត និងបាននាំយកទៅព្យាបាល ក្រោយពីកូនក្រមុំស្វាងហើយនោះ នៅព្រឹកថ្ងៃទី២៤ ខែមិនា កូនក្រមុំបានតុបតែងស្លៀកពាក់រៀបចំពិធីមង្គលការ ។
ប៉ុន្តែប្រភពមួយចំនួនបានប្រាប់ថា ពិធីមង្គលកាលនេះ ត្រូវបានកាត់ចោលអស់មួយចំនួន ដោយសារតែកូនក្រមុំនេះ នៅមិនទាន់ជាសះស្បើយ តែពិធីអាពាហ៍ពិហ៍នៅតែដំណើរការដដែល ៕ ចន្ថា