ខេត្តរតនគិរី៖ ច្បាប់ចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីកំពុងតែចាប់ផ្តើមរិតបន្តឹងហើយនៅពេលនេះដោយសារមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍បានបន្តកើតមានជាច្រើនករណី។
លោក មឿង សារិទ្ធ ប្រធានការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ជាក់នៅល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះថា ប្រជាពលរដ្ឋមួយចំនួនបានគោរពនូវច្បាប់ចរាចរណ៍ថ្មីបានរហូត៨០ទៅ៨៥ភាគរយហើយ។
លោកបន្តថា ការប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍ក៍ដោយសារផឹកនូវគ្រឿងស្រវឹង និងមិនគោរពនៅច្បាប់ចរាចរណ៍ ហើយមិនបានពាក់មូកសុវត្ថិភាព បើកបរហួសល្បឿនកំណត់ ជាពិសេសប្រជាពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ទេគឺខ្លាចតែសមត្ថកិច្ចចរាចរណ៍តែប៉ុណ្ណោះ។ យោងនៅច្បាប់ចរាចរណ៍ថ្មីនេះលោកនិងផ្សព្វផ្សាយបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចចេះគោរពនូវច្បាប់ចរាចរណ៍ផងដែរ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយតៗគ្នាថា អ្នកចេះបើកបរនៅខេត្តរតនគិរីមួយចំនួននៅមិនទាន់ចេះច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយទេ ។ ព្រោះថាអ្នកដែលចេះបើកបរចូលចិត្តប្រើលុយទិញប័ណ្ណបើកបរតែម្តងដោយគ្រាន់តែបង់លុយឲ្យសាលាបើកបរយកសៀវភៅច្បាប់ចរាចរណ៍មួយក្បាលនិងវិញ្ញាសារប្រលងបើកបរ៣ខែក្រោយគ្រាន់តែបង្ហាញមុខទទួលបាននៅប័ណ្ណបើកបរយ៉ាងងាយស្រួល។
លោកពិសិទ្ធ នាយកគ្រប់គ្រងសាលាកបើកបរសន្តិភាពប្រចាំខេត្តរតនគិរីបានបញ្ជាក់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះថា សាលាលោកបានទទួលសិស្សមករៀនបើកបរចំនួន៦០ទៅ៧០ភាគរយចាប់ពីដើមខែធ្នូរហូតដល់ខែមីនានេះ ចំពោះពាក្យចរចាមអារាមថាសាលាលោកបានយកតែលុយហើយចេញប័ណ្ណបើកបរឲ្យនោះគឺមិនពិតនោះទេ៕
ដោយ៖ វុទ្ធឦសាន