ខេត្តត្បូងឃ្មុំ ៖ មនុស្សមួយក្រុមដែលបានប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងនៅចំណុចព្រៃចម្ការកៅស៊ូបាតជើងតាព្រហ្ម ស្ថិតក្នុងភូមិសង្កមមានជ័យ ឃុំមេមត់ ខេត្តត្បូងឃ្មុំ បានរត់គេចផុតពីការតាមចាប់របស់កម្លាំងនគរបាល ដែលពួកអ្នកញៀនល្បែងទាំងនោះអាចជាក្រុមមនុស្សធ្លាប់មានបទពិសោធន៍ខ្ពស់ ។
លោកអនុសេនីយ៍ឯក យន់ ហ៊ាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានប្រាប់ថា នៅល្ងាចថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ប្រជាពលរដ្ឋបានរាយការណ៍មកលោកថាមានករណីមនុស្សមួយក្រុមកំពុងលួចលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចខាងលេី ។ ភ្លាមៗនោះលោកក៏បានដឹកនាំកម្លាំងចុះទៅបង្ក្រាប តែគ្រាន់តែក្រឡេកឃើញកម្លាំងនគរបាលពីចម្ងាយ ពួកអ្នកញៀនល្បែងទាំងនោះក៏នាំគ្នារត់គេចចែកជើងគ្នាខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកតែសំពត់តង់សម្រាប់ក្រាល ភួយ និងបៀប៉ុណ្ណោះ។
លោកថា គួរឲ្យស្ដាយណាស់ដែលកម្លាំងនគរបាលតាមចាប់ពួកគេមិនបាន ដេីម្បីយកមកអប់រំណែនាំ ឬអាចពិន័យដាក់ទោសទណ្ឌតាមច្បាប់ឱ្យរាងចាល ស្របពេលដែលច្បាប់រឹតត្បិតបំរាមគោចរលេីបញ្ហារីករាលដាលឆ្លងនៃជំងឺកូវីដ-១៩បំប្លែងថ្មី ៕
ដោយ៖ វណ្ណៈ