ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានចូលហូបបាយក្នុងហាងមួយកន្លែង ស្រាប់តែមានអាការៈមិនស្រួលខ្លួនរួចដាច់ខ្យល់ស្លាប់នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ តូនី មានអាយុជាង ៦០ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាកន្លងមកគេតែងតែឃើញបុរសជនជាតិបរទេសខាងលើមកហូបបាយនៅក្នុងហាងមួយកន្លែងនេះជារៀងរាល់ថ្ងៃ លុះនៅព្រឹកថ្ងៃកើតហេតុវេលាម៉ោងប្រហែល៩ ដោយបុរសខាងលើនេះបានមកអង្គុយហូបបាយដូចធម្មតាស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចក៏បានហៅបងប្អូនប្រជាពលរដ្ឋឱ្យជួយ ភ្លាមៗនោះពួកគាត់ព្យាយាមជួយទៅបុរសខាងលើនេះដែរតែជាអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់នៅខាងលើកៅអីបាត់តែម្តង ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកចំណុចទីតាំងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើ រួចបានទំនាក់ទំនងទៅផ្នែកជំនាញពិនិត្យសំណាករបស់ក្រសួងសុខាភិបាលចុះមកពិនិត្យសំណាកលើបុរសខាងលើដោយគ្រូពេទ្យបានបញ្ជាក់ថាបុរសខាងលើគឺអវិជ្ជមានកូវីដ19 ហើយគ្រូពេទ្យផ្នែកខាងពិនិត្យសំណាកបានប្រគល់សពនេះឲ្យផ្នែកជំនាញកុសលវិច្ច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យទៅលើសពបុរសខាងលើ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និន សុភ័ស្ត