លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់អំពីរយៈពេលនៃការចាក់វ៉ាក់សាំងដូសទី៣

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ គឺមានចន្លោះពី៦ខែទៅ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១ ដើម្បីការពារនូវហានិភ័យណាមួយកើតឡើងជាយថាហេតុ ក្នុងរយៈពេលចាក់ដូសទី៣ ឬដូសជំរុញ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងប្រាប់អុ្នកសារព័ត៌មានចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឱ្យដឹងថា តាមការបង្ហាញរបស់ក្រុមបច្ចេកទេសដែលបានរៀបចំឡើងដោយក្រសួងសុខាភិបាល បានបង្ហាញថា ការផ្តល់នូវវ៉ាក់សាំងដូសទី៣ គឺសម្រាប់អ្នកដែលបានចាក់វ៉ាក់សំាង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ គឺត្រូវចាក់វ៉ាក់សំាង អាស្រ្តាហ្សេនីកា ជាដូសជំរុញ បន្ទាប់ពីការបង្ហាញនូវលទ្ធផលមានប្រសិទ្ធភាព ឆ្លើយតបបន្ថែមទៀត ដើម្បីរុញច្រានឱ្យអង់ទីគ័រ កាន់តែមានកម្រិតខ្ពស់។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ក៏មានអង់ទីគ័រដែរ ប៉ុន្តែដោយសារនៅក្នុងបរិបទនៃការរីករាលដាលនៃវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី (ដែលតា) បានចរាចរណ៍នៅក្នុងប្រទេសកម្ពុជាទៅហើយ ជាពិសេសក្រុមដែលប្រឈមខ្ពស់នូវការឆ្លងពីមេរោគកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនថៃ ដូច្នេះហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកមានការគិតគូរខ្ពស់ ដោយភាពវៃឆ្លាត នៅក្នុងការផ្ដល់នូវវ៉ាក់សាំងដូសទី៣នេះ ជូនទៅដល់ក្រុមជួរមុខ។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា តាមនីតិវិធី គឺចន្លោះពី៦ខែទៅ៨ខែដែលអាចប្រើប្រាស់នូវដូសទី៣ ឬដូសជំរុញ អ៊ីចឹងបើយើងគិតការចាក់សម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាក្រុមគ្រូពេទ្យ គឺបានចាក់កាលពីថ្ងៃទី១០ ខែកុម្ភៈមកម្ល៉េះ។ ដូចនេះ បើគិតខែកុម្ភៈ រហូតមកដល់បច្នុប្បន្ននេះ គឺអាចទទួលបាន នូវដូសទី៣ ឬដូសជំរុញនេះ ដើម្បីឱ្យសរីរាង្គកាន់តែមានភាពមាំទាំ ថែមទៀតសម្រាប់ឆ្លើយតបទៅ នឹងការវាយលុករបស់វីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី (ដែលតា) ។

លោកស្រីវជ្ជបណ្ឌិតបញ្ជាក់ទៀតថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា មិនមានភាពចាំបាច់អ្វីដែលត្រូវរួសរាន់ត្រូវប្រើប្រាស់ដូសទី៣ នោះទេ ខណៈដែលការចាក់ដូសទី២ ទើបតែបញ្ចប់ក្នុងរយៈពេល២ ឬ៣ខែនេះ ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែសីហាឆ្នាំ២០២១ នៅតាមបណ្តាខេត្តមួយចំនួនជាប់ព្រំដែនថៃ ដែលប្រឈមនឹងហានិភ័យខ្ពស់ពីវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនក្រុមគ្រូពេទ្យ កងទ័ព នគរបាលអាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធហើយ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតប នឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី( Delta) ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លា ៕ ដោយ៖ ស៊ុន ហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print