ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារអាជ្ញាធរជាតិព្រះវិហារ ចុះត្រួតពិនិត្យការងារនៅលើភ្នំប្រាសាទព្រះវិហារ និងសែនព្រេន ដកហូតដើមអំបែងខ្ញែរងាប់នៅក្នុងបរិវេណប្រាសាទលិង្គទី១ កាលពីថ្ងៃចន្ទទី០៩ ខែសីហាម្សិលមិញនេះ។
ជាក់ស្ដែងនៅក្នុងពិធីសែនព្រេន ដើម្បីដកហូតដើមអំបែងខ្ញែរងាប់នៅក្នុងបរិវេណប្រាសាទលិង្គទី១ មានការចូលរួមពីលោក ផេង សំអឿន អគ្គនាយករងប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរនិងក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្ធពិធីសែនព្រេន និងតម្លើងរន្ទាដើម្បីដកហូតដើមអំបែងខ្ញែរងាប់មួយដើមដែលមានសភាពពុកផុយ ប្រហោងក្នុង ដែលមានអង្កត់ផ្ចិត០.៥០ម៉ែត្រ កម្ពស់ប្រហែល២០ម៉ែត្រនៅក្បែរប្រាសាទលិង្គទី១ជ្រុងខាងលិចដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រាសាទនិងភ្ញៀវទេសចរ។
ដោយឡែកនៅថ្ងៃដដែលនោះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារអមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារបានចុះត្រួតពិនិត្យ និងពិភាក្សាការងារបច្ចេកទេសក្នុងការអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង កំណាយផ្លូវទឹកជណ្ដើរបុរាណខាងជើង កំណាយស្ពានហាលផ្នែកខាងលិចជណ្ដើរបុរាណខាងជើង រៀបចំផែនការបន្ដជួសជុលបង្គោលផ្កាឈូកចន្លោះគោបុរៈទី៤-៥។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យទីតាំងក្នុងគោលបំណងបង្កើតវង់ទស្សនាថ្មី ចុះត្រួតពិនិត្យបច្ចេកទេសការសាងសង់ផ្លូវបេតុងមុខវត្ដកែវសិក្ខាគីរីស្វារៈ និងផ្ដល់យោបល់ទៅលើកិច្ចការផែនទីហានីភ័យ៕
ដោយ៖សហការី