ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ នាថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក យី ឈុន និងលោកស្រី ប៉ា យ៉ានុត ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តនូវអង្ករចំនួន២តោន, ទឹកសុទ្ធសញ្ញាសិង្ហ ១០០យួរ, មីម៉ាម៉ា៥០កេស, ទឹកត្រី៣០ យួរ និងថវិកា៤.០០០.០០០ រៀល (បួនលានរៀល) សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។
នាឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនលោក យី ឈុន និងលោកស្រី ប៉ា យ៉ានុត ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល។ ជាក់ស្តែងនាថ្ងៃនេះលោកនិងលោកស្រីបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោកឱ្យទទួលបានជោគជ័យ។
បន្ថែមពីនេះលោកអភិបាលខេត្តសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត។
គួរបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១០ ខែសីហាម្សិលមិញនេះ បានទទួលគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន១១.៥៨០.០០០ រៀល និង១.០០០បាតពីមន្រ្តីសង្ឃនៃគណៈធម្មយុត្តិតនិកាយផងដែរ។
ចំពោះគ្រឿងឧបភោគបរិភោគ និងបច្ច័យពីមន្ត្រីសង្ឃនៃគណៈធម្មយុត្តិកនិកាយនោះមានដូចជា៖ អង្ករ ៨៨៤គីឡូក្រាម, ទឹកសុទ្ធ៦៥យួរ, ទឹកត្រី៣០យួរ, ភេសជ្ជៈ ៨កេស,មី ៦កេស, បច្ច័យចំនួន១១.៥៨០.០០០ រៀល (ដប់មួយលានហាសិបប្រាំបីម៉ឺនរៀល) និង១.០០០បាត (មួយពាន់បាត)៕
ដោយ៖សហការី