ភ្នំពេញ, នៅសល់តែ ២ ថ្ងៃទៀតទេ សម្រាប់ការអនុវត្តបម្រាមគោចរ នៅរាជធានីភ្នំពេញ រហូតដល់មានសេចក្ដីសម្រេចជាថ្មីទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញកន្លងមកផងដែរ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានរំឮកថា, អ្នកដែលល្មើស បម្រាមគោចរ ននឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល ។ ចំណែក រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤៨៦នាក់ទៀត ជាសះស្បើយ ៧១៧នាក់ និងស្លាប់ ១២នាក់៖
– ករណីឆ្លងសហគមន៍ ៣៦៧នាក់
– អ្នកដំណើរពីបរទេស ១១៩នាក់
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 83,384 នាក់
– អ្នកជាសះស្បើយ= 77,754 នាក់
– អ្នកស្លាប់= 1,614 នាក់ ។
មានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៤៤ ករណី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៕
ដោយ, សិលា