ភ្នំពេញ, ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី ” ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ” បានរៀបចំធ្វើឡើងនៅទីស្តីការក្រសួង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងធនាគារជាតិនៃកម្ពុជា រួមទាំង មន្រ្តីពាក់ព័ន្ធ។
ជាបឋម លោកស្រី អ៊ុក ម៉ាលី បានមានមតិជុំវិញខ្លឹមសារនៃអនុស្សរណ: និងកិច្ចសហប្រតិបត្តិការដែលស្ថាប័នទាំងពីរនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ ក្នុងគោលបំណងរួមគឺធ្វើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យកសិកម្ម។ នាឱកាសនេះ
លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីសារសំខាន់នៃអនុស្សរណ:នេះគឺរៀបចំឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញ ទៅមកទាក់ទងទិន្នន័យ ការប្រឆាំង ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្មដែលប្រើប្រាស់ក្នុងវិស័យកសិកម្មមានជាអាទិ៍ ៖ បទល្មើសព្រៃឈើ បទល្មើសជលផល និងបទល្មើសផ្សេងៗទៀតតាមការចាំបាច់ ដែលត្រូវបានសង្ស័យ ឬពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម។ មួយវិញទៀត អនុស្សរណៈនេះគឺមានបំណងពង្រឹង និងពង្រីកសមត្ថភាពរបស់មន្រ្តីក្នុងការវិភាគ តាមដាន និងត្រួតពិនិត្យរាល់សកម្មភាពរបស់ភេរវករក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រួចដាក់ចេញនូវយន្តការបង្រ្គាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ប្រយោជន៍រក្សាបាននូវសន្តិសុខហិរញ្ញវត្ថុ បរិយាកាសនៃការវិនិយោគ ផ្តល់ភាពយុត្តិធម៌ សមធម៌ និងតម្លាភាពដល់វិនិយោគិន ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣+២។ លោករដ្ឋមន្ត្រីបានបន្តទៀតថា អនុស្សរណៈនេះ នឹងផ្តល់ឱកាសឱ្យមន្ត្រីពាក់ព័ន្ធទទួលបានការបណ្តុះបណ្តាលបន្ថែមលើកម្រិតជំនាញស៊ើបការណ៍ហិរញ្ញវត្ថុពាក់ព័ន្ធនឹងបទល្មើស ការចែករំលែកព័ត៌មាន ទិន្នន័យបានទាន់ពេលវេលា មានភាពសុក្រឹត ពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយនេះ គឺជាយន្តការក្នុងការគ្រប់គ្រងវិបត្តិ និងហានិភ័យដែលអាចកើតឡើងក្នុងវិស័យហិរញ្ញវត្ថុ ធនាគារក្នុងវិស័យកសិកម្មក្នុងស្មារតីទទួលខុសត្រូវ។
ពិធីចុះហត្ថលេខានេះ មានលោក ស្រី វុឌ្ឍី ជាអង្គលេខាធិការ តំណាងឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកស្រី សាយ សំអាត ជាប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តំណាងឲ្យធនាគារជាតិនៃកម្ពុជា៕
ដោយ,សិលា