ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអោយដឹងថា, បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំដែន តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជា ថ្នាក់ដឹកនាំកងទ័ព គ្រប់លំដាប់ថ្នាក់ បិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ មេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta) គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២ នេះ កម្លាំងអន្តារគមន៍នៃកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ពលករ អោយនៅសម្រាកបណ្តោះអាសន្នម្ខាងនៃព្រំដែនក្នុងទឹកដីថៃ សរុបចំនួន១៤៧នាក់។ ពលករទាំងអស់នោះ និងបញ្ជូនទៅត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីថ្ងៃបញ្ចប់នៃការបិទខ្ទប់ព្រំដែននៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន អំពាវនាវដល់ពលករខ្មែរ សូមកុំចាញ់បោកមេខ្យល់ និងការញួសញុង នាំលួចឆ្លងដែនដោយខុសច្បាប់ ដែលអាចឱ្យយខាតបង់ថវិកា និងអាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវរឹតបណ្តឹងគ្រប់ណ្តាគោលដៅទទួលខុសត្រូវ ដើម្បីទប់ស្កាត់អោយខានតែបានចំពោះការលួចឆ្លងដែនខុសច្បាប់ ខុសពីច្រកព្រំដែនដែលបានកំណត់អនុញាតិឱ្យចូល ដែលជាការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីអាចគ្រប់គ្រង និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ទៅក្នុងសហគមន៍៕
ដោយ, សិលា