រដ្ឋបាលខេត្តសៀមរាបចេញសេចក្ដីណែនាំចំនួន ៨ចំណុច ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និងការអនុវត្ត វិធានការសុខាភិបាលនៅពេលបើកដំណើរការផ្សារលើធំថ្មីឡើងវិញ

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី អ្នកវិនិយោគ និងធ្វើអាជីវកម្មយកភាស៊ីផ្សារលើធំថ្មី អាជីវករលក់ដូរនៅក្នុង និងជុំវិញផ្សារ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបថា៖ បច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាល នៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់។ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និង កាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំ ដូចខាងក្រោម៖

១-រដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី អ្នកវិនិយោគ និងធ្វើអាជីវកម្មយកភាស៊ីផ្សារលើធំថ្មី និងអាជីវករលក់ដូរនៅជុំវិញផ្សារ ត្រូវរៀបចំ ឱ្យមានការលក់ដូរផ្លាស់ប្ដូរវេនគ្នាជាបណ្ដោះអាសន្ន ជូនដល់បងប្អូនអាជីវករលក់ដូរនៅជុំវិញ ផ្សារលើធំថ្មី ដោយរៀបចំកំណត់ឱ្យអាជីវករលក់ដូរនៅបរិវេណជុំវិញផ្សារ និងនៅតាមផ្ទះ ជាប់ជុំវិញផ្សារ ត្រូវលក់ផ្លាស់ប្តូរវេនគ្នា ០១ សប្តាហ៍ម្តងៗ ចំពោះអាជីវករដែលលក់ដូរនៅផ្នែក ខាងក្រោយផ្សារ និងបណ្តាផ្លូវច្រកចេញ-ចូលតូចៗ ត្រូវលក់ផ្លាស់ប្តូរវេនគ្នា ក្នុងម្នាក់ ១សប្តាហ៍។ ២-រដ្ឋបាលក្រុងសៀមរាប ត្រូវណែនាំគណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី និងអ្នកវិនិយោគ និង ធ្វើអាជីវកម្មយកភាស៊ីផ្សារលើធំថ្មី រៀបចំកំណត់ក្នុងបរិវេណផ្សារ និងក្នុងផ្សារ រៀបចំឱ្យបាញ់ គំនូសរក្សាគម្លាតសុវត្ថិភាព ឧបករណ៍វាស់កម្ដៅ អាល់កុល ឬជែលលាងដៃ ការត្រួតពិនិត្យនៅ តាមច្រកចេញ-ចូលក្នុងផ្សារជាប់ជាប្រចាំ ដើម្បីមានខ្យល់ចេញ-ចូល ព្រមទាំងបាញ់ថ្នាំសម្លាប់ មេរោគយ៉ាងតិច ០១សប្តាហ៍ម្តង និងត្រូវចុះឈ្មោះបង្កើតប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩ (Stop Covid-19) ដោយតម្រូវឱ្យអាជីវករ អតិថិជន និងប្រជាពលរដ្ឋទូទៅ ស្កេន QR Code មុនអនុញ្ញាតឱ្យចូល។

៣-ក្រុមការងារដឹកនាំ គ្រប់គ្រង សម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ ដូរជាបណ្តោះអាសន្ន និងការអនុវត្តវិធានការសុខាភិបាលនៅពេលបើកដំណើរការឡើងវិញ ត្រូវរៀបចំការលក់ដូរប្តូរវេនគ្នាជាបណ្ដោះអាសន្ន រហូតមានការណែនាំជាថ្មី។

៤-អនុញ្ញាតឱ្យអាជីវករចូលលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារបាន ចំពោះតែអាជីវរដែលបានធ្វើ តេស្តរកមេរោគកូវីដ-១៩ និងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ដោយមានបណ្ណ ចាក់វ៉ាក់សាំងបង្ហាញជូនក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងករណីមិនទាន់បានទៅពិនិត្យ សំណាក និងមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវទៅពិនិត្យសំណានិង ចាក់វ៉ាក់សាំងជាមុនសិន ទើបអនុញ្ញាតឱ្យចូលលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារបាន។
៥-ចំពោះអាជីវករលក់ដូរក្នុងផ្សារ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ អនាម័យជុំវិញតូបរបស់ខ្លួនឱ្យបាន ទូលាយក្នុងការចេញ-ចូលរបស់អតិថិជន ឬប្រជាពលរដ្ឋទូទៅ ដែលបានចូលទៅក្នុងផ្សារ។
៦-គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី អ្នកវិនិយោគ និងធ្វើអាជីវកម្មយកភាស៊ីផ្សារលើធំថ្មី និង អាជីវករលក់ដូរក្នុងផ្សារ និងជុំវិញផ្សារ នៅតាមតូបលក់ដូររបស់ខ្លួន ត្រូវរៀបចំឱ្យមានអាល់កុល ឬជែលលាងដៃ និងពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ព្រមទាំងចូលរួមអនុវត្ត វិធានការរបស់រាជរដ្ឋាភិបាល “៣ការពារ” និង”៣កុំ” និងវិធានការសុខាភិបាល ដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៧-ក្នុងករណីអាជីវករ ឬបុគ្គលណាមិនអនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល គឺមិន ត្រូវអនុញ្ញាតឱ្យលក់ដូរ ឬចូលក្នុងផ្សារជាដាច់ខាត នឹងត្រូវធ្វើការពិន័យអន្តរការណ៍ ដោយ អាជ្ញាធរមានសមត្ថកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៨-រដ្ឋបាលខេត្ត និងក្រុងសៀមរាប នឹងដាក់ក្រុមការងាររបស់គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ ខេត្តនិងក្រុងសៀមរាប ដើម្បីតាមដាន ពិនិត្យក្នុងការអនុវត្តវិធានការពិន័យអន្តរការណ៍ ចំពោះបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តល្មើសនូវវិធានការសុខាភិបាល និងវិធានការ រដ្ឋបាល។

ទទួលបានសេចក្ដីណែនាំនេះ លោក អភិបាល នៃគណៈអភិបាលក្រុងសៀមរាប លោក ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ស្លក្រាម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី អ្នកវិនិយោគ និងធ្វើអាជីវកម្មយកភាស៊ីផ្សារលើធំថ្មី អាជីវករលក់ដូរក្នុងផ្សារ និងជុំវិញផ្សារ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះ ដោយស្មារតី ទទួលខុសត្រូវ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print