ភ្នំពេញ , ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែន ដំណោះស្រាយវេទមន្តដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩នោះទ !
“សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង” អាចបង្កគ្រោះថ្នាក់។ កាលដែលបានចាក់វ៉ាក់សាំងរួចហើយ មិន មានន័យថាអ្នកគួរតែឈប់អនុវត្តវិធានការបង្ការផ្សេងទៀតដូចជាការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំ ឬប្រមូលផ្តុំមនុស្សជាដើមនោះទេ។ ការចាក់វ៉ាក់ សាំងតែមួយមុខ មិនមែនជាដំណោះស្រាយវេទមន្តនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុង ចំណោមឧបករណ៍ដ៏សំខាន់ជាច្រើននៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយវាជួយកាត់បន្ថយ មិនឲ្យឈឺជំងឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។
យើងអាចទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បាន លុះត្រាតែយើងបន្តអនុវត្តអន្តរាគមន៍សុខភាព សាធារណៈមិនមែនឱសថចំគោលដៅបានយ៉ាងតឹងរឹង និងប្រកបដោយប្រសិទ្ធភាព គួបផ្សំនឹងការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។ រឿងសំខាន់នោះ គឺការអនុវត្តនូវវិធានការទាំងនេះ នឹង អនុញ្ញាតឲ្យបណ្តាអាជីវកម្ម និងវិស័យផ្សេងៗទៀត អាចបើកដំណើរការឡើងវិញ ហើយ ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ឡើងវិញប្រកបដោយសុវត្ថិភាព។
កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាល កន្លងមកបាន ធានានូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែច្រើន ធានាថាពលរដ្ឋបានចាក់វ៉ាក់ សាំង និងធានាឲ្យមានការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យ ខ្ពស់ និងដែលរស់នៅតំបន់ដាច់ស្រយាល។
អង្គការសុខភាពពិភពលោក កោតសរសើរយ៉ាងខ្លាំងចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវជោគជ័យដ៏ធំមួយ ដោយបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ៨លាននាក់ ឬ ស្មើនឹង ៨០ភាគរយនៃគោលដៅ ១០លាននាក់។ គិតត្រឹម… ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១នេះ បុគ្គលដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងសរុបចំនួន ៨.០៣៧.៥១៩នាក់ បានចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដួសទី១ និងបុគ្គលសរុបចំនួន ៦.៤៣៨.៧៧០នាក់ បានចាក់វ៉ាក់សាំងដួសទី២ ។
គួរកត់សំគាល់ថា បុគ្គលិកសុខាភិបាលប្រមាណជា ៩៧ភាគ រយបានចាក់វ៉ាក់សាំងរួចហើយ ហើយប្រជាជនវ័យចំណាស់ជាច្រើនទៀតរួមទាំងអ្នកដែលរស់នៅ ក្នុងភូមិដាច់ស្រយាល ក៏ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។ រាជរដ្ឋាបាល ក៏បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជនអាយុពី ១២ឆ្នាំ ដល់១៧ ឆ្នាំចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មក ដោយចាប់ផ្តើមពីទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះ សីហនុ និងខេត្តកោះកុង។
កម្មវិធីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់មនុស្សពេញវ័យ ជាពិសេសក្រុមប្រជាជនងាយ រងគ្រោះដែលមានទ្រង់ទ្រាយធំបែបនេះ ទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមយ៉ាងខ្លាំង ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាលដ៏រឹងមាំ ការចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋ ហើយនិងភាពជា ដៃគូដ៏ល្អ។ អង្គការសុខភាពពិភពលោក រីករាយដែលបានគាំទ្រផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេស ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ដូចជាតាមរយៈការវិភាគស្ថានភាព ការផ្តល់ យោបល់គោលនយោបាយអំពីការផ្តល់អាទិភាព ការធ្វើផែនការ ការអនុវត្ត និងការតាមដានការចាក់ វ៉ាក់សាំង រួមទាំងការបណ្តុះបណ្តាលបុគ្គលិក និងគ្រប់គ្រងព្រឹត្តិការណ៍មិនល្អក្រោយពីចាក់វ៉ាក់សាំងរួច។
អង្គការសុខភាពពិភពលោក នៅតែបន្តផ្តល់យោបល់ឲ្យផ្ដល់អាទិភាពដល់បុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងក្រុមងាយរងគ្រោះដទៃទៀតដូចជាស្រ្តីមានផ្ទៃ ពោះ ស្ត្រីកំពុងបំបៅដោះកូន កុមារ និងយុវជនដែលមានជំងឺប្រចាំកាយ បានទទួលចាក់វ៉ាក់សាំង មុនគេ។ ការស្រាវជ្រាវបន្ថែម កំពុងតែបន្តដើម្បីស្វែងយល់អំពីផលរំខានរយៈពេលខ្លី និងរយៈពេល វែងនៃការឆ្លងជំងឺកវីដ-១៩ក្នុងចំណោមកុមារ ក៏ដូចជាប្រវត្តិវ៉ាក់សាំងសម្រាប់កុមារ។
សូមអាននូវលិខិតរបស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា”ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងស្រុងដូចខាងក្រោម ៕
ដោយ, សុខ ខេមរា