គណៈកម្មការសុខាភិបាលចិន NHC បានប្រកាសឱ្យដឹងថា មានពលរដ្ឋដល់ទៅ៧៧៧លាននាក់ហើយបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ពីរដូស ។ នេះគឺជាលើកទីមួយដែលចិនបានប្រកាសពីចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ស្មើនឹងពាក់កណ្តាលនៃប្រជាជនចិន។
អ្នកនាំពាក្យNHC លោក Mi Feng បានលើកឡើងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៣ខែសីហា បានប្រកាសថា មានវ៉ាក់សាំងចំនួន១.៨៣២លានដូសបានចាក់ជូនពលរដ្ឋនៅទូទាំងប្រទេសចិន ក្នុងនោះមាន៧៧៧លាននាក់បានចាក់ដូសទី២។
តាមរបាយការណ៍របស់ NHC បានឱ្យដឹងថា ក្នុងពេលចិនរកឃើញករណីឆ្លងនៅក្នុងសហគមន៍សាជាថ្មី ដោយមានអ្នកឆ្លងប្រមាណជិត១០០នាក់ក្នុងមួយថ្ងៃ។ ភាគច្រើនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនគឺជាប្រភេទដែលតា ដែលបានរកឃើញនៅថ្ងៃទី ២០ខែកក្កដា ក្នុងទីក្រុងណានជីង ។
ការផ្ទុះកូវីដ-១៩ថ្មី បង្ខំឲ្យរដ្ឋាភិបាលក្នុងតំបន់ត្រូវតែអនុវត្តវិធានការបិទខ្ទប់ជាថ្មី ដើម្បីធ្វើតេស្តស្វែងរកអ្នកឆ្លងកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងឲ្យបានល្អបំផុត។ កន្លងមកទីក្រុងវូហានបានធ្វើតេស្តលើពលរដ្ឋ១១លាននាក់ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។ បច្ចុប្បន្ននៅលើពិភពលោកមានពលរដ្ឋជាង ៤,៦២ពាន់លាននាក់ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ស្មើនឹង៣០,៨% នៃចំនួនពលរដ្ឋនៅទូទាំងពិភពលោក។ ក្នុងចំណោមនោះមានពលរដ្ឋ១៦,១%បានចាក់រួចរាល់ដូសទីពីរ។ ក្នុងមួយថ្ងៃៗមានពលរដ្ឋ៣៥,៨៩លាននាក់ទទួលបានការចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃ៕ ដោយ៖សាធី