នៅក្នុងរដ្ឋ NSW ពលរដ្ឋដែលធ្វើដំណើរចេញក្រៅផ្ទះដោយមិនមានហេតុផលច្បាស់លាស់ ឬក៏កុហកនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ទៅ៥ពាន់ដុល្លារអូស្ត្រាលី (៣៧០០ដុល្លារអាមេរិក)។
មន្ត្រីអូស្ត្រាលីនៅថ្ងៃទី១៤ខែសីហា បានបញ្ជាក់ថា ប្រទេសនេះនឹងបង្កើនការពិន័យអ្នកបំពានច្បាប់បម្រាមគោចរទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងរដ្ឋ NSW ក្នុងពេលដែលរដ្ឋនេះបានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។
អភិបាលរដ្ឋ NSW លោកស្រី Gladys Berejiklianនៅថ្ងៃទី ១៤ខែសីហាបានប្រកាសថា នៅក្នុងរដ្ឋនេះកំពុងឆ្លងកាត់ដំណាក់កាលនៃការឆ្លងកូវីដ-១៩អាក្រក់បំផុត ដោយបានរកឃើញវិជ្ជមានដល់ទៅ ៤៦៦នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ។ ការឆ្លងខ្ពស់ បើទោះបីរដ្ឋនេះបានអនុវត្តវិធានការរឹតត្បិតនៅទីក្រុងស៊ីដនីរយៈពេល៨សប្តាហ៍កន្លងមកក្តី។
លោកស្រី Berejiklian បានលើកឡើងថា ករណីឆ្លងកូវីដ-១៩ថ្មី ក្នុងខែកញ្ញានិងខែតុលាអាចនឹងកើនឡើងខ្ពស់ទៀត ខណៈដែលអ្នកឆ្លងនៅក្នុងខែសីហានេះបានកើនដល់២០%។ ដើម្បីបង្កើតសមត្ថភាពការពារ ទប់ស្កាត់ការឆ្លង ទីក្រុងស៊ីដនីបានសម្រេចដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមរាប់រយនាក់ដើម្បីតាមដានការអនុវត្តបម្រាមគោចរ។
គិតត្រឹមថ្ងៃទី១៤ខែសីហានេះអូស្ត្រាលី រកឃើញករណីឆ្លងកូវីដ -១៩ កើនឡើងដល់ទៅ ៣៨.៦០០នាក់ និងស្លាប់៩៥២នាក់ ដោយសារកូវីដ-១៩ ៕ដោយ៖ធីរីណា
កងទ័ពដែលដាក់ពង្រាយនៅទីក្រុងស៊ីដនីគាំទ្រការរារាំង។ រូបភាព៖The Australian
ទិដ្ឋភាពស្ងាត់ជ្រងំនៅតាមដងផ្លូវក្នុងប្រទេសអូស្ត្រាលី។ (រូបភាព៖AFP/TTXVN)