ភ្នំពេញ៖ នៅក្នុងឱកាសដែលគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងបរិវេណវិទ្យាល័យទួលទំពូង លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាប្រធានកាកបាទក្រហមខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ដែលតា (Delta) ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានៅរាជធានីភ្នំពេញនេះផងដែរ ។
លោកអភិបាលខណ្ឌចំការមន ក៏សំណូមពរដល់បងប្អូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងមូលដ្ឋានខណ្ឌគោរព និងអនុវត្តនូវបម្រាមគោចរ ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះថា មកដល់ពេលនេះ អាជ្ញាធរ នឹងអនុវត្តតាមនីតិវិធីច្បាប់ មិនមានការណែរនាំទៀតឡើយ ចំពោះអ្នកដែលល្មើសនឹងបំរាម ក៏ដូចជាវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលរាជធានី ដូចជាការជួបជុំផឹកស៊ីជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលល្បាតឃើញ គឺនឹងធ្វើការឃាត់ខ្លួន រួចយកសំណាក និងចាត់ការទៅតាមផ្លូវច្បាប់មិនមានការលើកលែងទៀតឡើយ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង ។
នៅក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនពូមីងនៅក្នុងឱកាសនេះផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ត្រីខ ម៉ាស និងថវិកាមួយចំនួនផងដែរ ៕