ភ្នំពេញ, នៅសាលសន្និសីទប្រេងកាត នាថ្ងៃចន្ទ ៨កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ផេកផ្លូវការរបស់ ក្រសួងរ៉ែនិងថាមពល បានបញ្ជាក់អោយដឹងថា, លោក ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការរង និងប្រធាននាយកដ្ឋាន ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ដោយផ្អែកលើស្នាដៃការងារ និងការចូលរួមសកម្មភាពសង្គម ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងរ៉ែនិងថាមពល ចំនួន២៣រូប ទទួលបានទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងបានសម្រេចតែងតាំងក្នុងឋានៈ៖
-រដ្ឋលេខាធិការ ចំនួន ១រូប
-អនុរដ្ឋលេខាធិការ ចំនួន ៣រូប
-ទីប្រឹក្សាឋានៈស្មើអគ្គនាយក ចំនួន ១រូប
-អគ្គនាយក ចំនួន ២រូប
-អគ្គនាយករង ចំនួន ៦រូប
-អគ្គាធិការរង ចំនួន ១រូប
-ប្រធាននាយកដ្ឋាន ចំនួន ៨រូប និង
-ទីប្រឹក្សាក្រសួងឋានៈស្មើប្រធាននាយកដ្ឋាន ចំនួន ១រូប។
ថ្លែងក្នុងពិធីប្រកាសតែងតាំង លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតាមតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឆ្លើយតបទៅតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ ហើយការតែងតាំងនេះគឺធ្វើឡើងស្របតាមគោលការណ៍ច្បាប់និងភាពចាំបាច់ ដើម្បីបំពេញរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងរ៉ែនិងថាមពល៕
ដោយ, សិលា