ខេត្តបន្ទាយមានជ័យ, យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ។
យោងតាមអនុក្រឹត្យលេខ៣៧០ អនក្រ.តត ផ្ទេរភារកិច្ច លោក យឹម សំណាង ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក មកជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជុំវិញការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ពិសេសក្នុងយុទ្ធនាការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកបានបន្ថែមថា តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាការទទួលខុសត្រូវ ដូច្នេះហើយត្រូវអនុវត្តតួនាទីនេះ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
ជាងនេះទៅទៀត ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ និងឱ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍរីកចម្រើន ក្នុងយុគសម័យបច្ចុប្បន្ន។
លោក អ៊ុំ រាត្រី ក៏បានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី៕
ដោយ, សិលា