អភិបាលខេត្តឧត្ដរមានជ័យ​ ជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ​ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រគល់លិខិតថ្លែងអំណរគុណ ចំពោះការលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការមកជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩​ ជូនប្រជាជនក្នុងខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្តរមានជ័យនិយាយជារួម និងក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទនិយាយដោយឡែក និងក្នុងនាមលោកផ្ទាល់ សូមសម្តែងនូវបីតិសោមនស្សរីករាយ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងយន្តការសម្របសម្រួល និងដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មកចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ និងដូសទី២ ជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជា ពលរដ្ឋក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ របស់ខេត្តឧត្តរមានជ័យដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកអភិបាលខេត្ត សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះ លោកប្រធាន និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបបានទាន់ពេលវេលាក្នុងគ្រាដ៏លំបាកនៃការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលការលះបង់ដ៏មានតម្លៃរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមចំណែកទប់ស្កាត់ចរន្តនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តឧត្តរមានជ័យផ្ទាល់។

ជាចុងក្រោយ លោកអភិបាលខេត្ត​ សូមគោរពជូនពរលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទាំងអស់បានទទួលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print