ភ្នំពេញ, នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ដែលកិច្ចប្រជុំនេះស្ថិតក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា អនុប្រធានគណបក្ស និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងលោក លោកស្រី ថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីលោក ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា បានអានសេចក្តីថ្លែងហេតុជូនសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងសមាជិកនៃកិច្ចប្រជុំបានជ្រាបដោយសង្ខេបអំពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់រួចមក ជាបឋម ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យដាក់ឆ្លងកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នាពេលនេះ។ ឆ្លៀតយកឱកាសនេះ រដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិកនៃកិច្ចប្រជុំអំពីសាវតានៃដំណើរការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” គោលបំណងនៃកិច្ចព្រមព្រៀង ប្រទេសសមាជិក អត្ថប្រយោជន៍ក្នុងនាមប្រទេសសមាជិក ការបង់វិភាគទានប្រចាំឆ្នាំ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងជាពិសេស អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានកន្លងមក។ល។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋ មន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដែលរួមមាន ៣មាត្រា ដើម្បីបញ្ជូនទៅស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី។ បន្ទាប់មក គណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភាក៏បានប្រជុំអនុម័តជាស្ថាពរលើសេចក្តីព្រាង ច្បាប់នេះ កាលពីថ្ងៃទី០៤ ខែសីហា កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនសម្តេចប្រធានអង្គប្រជុំ និងសមាជិកជ្រាបថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនា ធិការរបស់រាជរដ្ឋាភិបាលនឹងប្រើប្រាស់ច្បាប់នេះឲ្យមានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី ជាមួយនឹងការអនុម័តសេចក្តីព្រាងច្បាប់នេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាដែលបានដឹកនាំកិច្ចប្រជុំនេះប្រកបដោយសុភវិនិច្ឆ័យដ៏ខ្ពង់ខ្ពស់ ញ៉ាំងឱ្យសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាស្ថាពរ ហើយ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់ទទួលបានពីលោក លោកស្រីសមាជិកនៃកិច្ចអង្គប្រជុំគឺពិតជាបានបន្ថែមនូវគុណប្រយោជន៍ និងសុក្រឹត ភាពដល់អត្ថបទច្បាប់នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់នៅពេលដែលប្រជាជនយើងទទួលរងនូវផលប៉ះពាល់ពីគ្រោះធម្មជាតិជាយថាហេតុ ក៏ដូចជាការទទួលរងនូវហានិភ័យដែលបណ្តាលមកពីវិបត្តិជាសកលនៃជំងឺឆ្លងកូវីដ-១៩។
លោករដ្ឋមន្ត្រីបានគោរពជូនពរ និងប្រសិទ្ធពរជ័យបវរប្រសើរជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ព្រឹទ្ធសភា សូមទទួលនូវពុទ្ធពរទាំង ៥ប្រការជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា