ភ្នំពេញ៖ លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ ផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ ចូលរួមកិច្ចប្រជុំលើកទី ២ស្តីពី “ ភាពជាដៃគូនៃការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ ចំពោះប្រទេសក្នុងតំបន់អាស៊ី ” ដោយមានកិច្ចចូលរួមពីអង្គការសហប្រតិបត្តិការជប៉ុន (JICA Japan) ប្រចាំនៅកម្ពុជា និងតាមរយៈវីដេអូអនឡាញពីចម្ងាយ នៅថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ ជាមួយប្រទេសជាដៃគូរសមភាគី រួមមានប្រទេសជប៉ុន ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសកម្ពុជា ។ នេះបេីយោងតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
កិច្ចប្រជុំនេះមានគោលបំណង ចែករំលែកនូវវឌ្ឍនភាពនៃសកម្មភាពការផ្សព្វផ្សាយ ការគ្រប់គ្រងទឹកកខ្វក់ និងផែនការគោលនយោបាយនៃការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ រវាងប្រទេសជាដៃគូរ ដោយរាយការណ៍ពីកត្តាប្រឈមនាពេលកន្លងមក និងពិភាក្សាអំពីការផ្តល់ជាយុទ្ធសាស្ត្រដំណោះស្រាយ សម្រាប់ការកែលម្អកំណត់គោលដៅសំខាន់ៗនាពេលអនាគតក្នុងវិស័យនេះ ដែលសំដៅដល់ការអភិវឌ្ឍក្នុងបរិបទប្រើប្រាស់តិចនិចបច្ចេកវិទ្យាគ្រប់គ្រងលើប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយស្របទៅតាមលក្ខខណ្ឌរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានោះដែរ សហភាគីដៃគូរបានបញ្ជាក់ពីវិធីសាស្ត្រក្នុងការគ្រប់គ្រង ប្រព័ន្ធបណ្តាញលូ អាងប្រព្រឹត្តិកម្ម ដែលផ្តល់ភាពងាយស្រួលក្នុងការសាងសង់ ជួសជុល-ថែទាំ កាត់បន្ថយចំណាយ ជាពិសេសអាចធ្វើឱ្យដំណើរការនៃប្រព្រឹត្តិកម្មដើរលឿន និងចំណាយថាមពលតិចតួចផងដែរ។
ទន្ទឹមនោះដែរ លោកអនុរដ្ឋលេខាធិការ បានអនុញ្ញាតឱ្យ លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បង្ហាញរបាយការណ៍ពីការអភិវឌ្ឍសាងសង់លើវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា រួមមាននៅក្រុងព្រះសីហនុ រាជធានីភ្នំពេញ ក្រុងសៀមរាប និងខេត្តក្រុងផ្សេងៗទៀត ក្នុងនោះក៏កំពុងបន្តសិក្សាគម្រោងផែនការ អភិវឌ្ឍវិស័យនេះ នៅតាមបណ្តារាជធានី-ក្រុងនៃខេត្តមួយចំនួនជាបន្តបន្ទាប់ ដែលមានកិច្ចសហការចូលរួមជួយពី ទីភា្នក់ងារសហប្រត្តិបត្តិការជប៉ុន (JICA Japan) ប្រចាំនៅកម្ពុជា និងដៃគូរអភិវឌ្ឍជាច្រើនទៀត។
ចុងក្រោយនៃកិច្ចប្រជុំ សហដៃគូរនៃក្រសួងដែនដី ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានស្នើដល់អង្គប្រជុំ ឱ្យមានកិច្ចពិភាក្សា ជាបន្តទៅឆ្នាំក្រោយៗទៀត ដោយក្នុងនោះស្នើ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំលើកទី៣ ស្តីពី “ ភាពជាដៃគូនៃការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ ចំពោះប្រទេសក្នុងតំបន់អាស៊ី ” នៅឆ្នាំ២០២៧ ខាងមុខ៕
ដោយ៖សហការី