ពលរដ្ឋ​ហុងកុង​ ២នាក់៖​ សារភាពកំហុសមុខតុលាការ ក្រោយ​ចោទប្រកាន់ថា ជាបក្ខពួកនៃក្រុមដែលអំពាវនាវឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មចិន

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា៖​ ប្រជាជនហុងកុង​ចំនួន​២នាក់​ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា ជាបក្ខពួកនៃក្រុមដែលអំពាវនាឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងប្រទេសចិននោះ នៅពេលនេះបានសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខតុលាការទីក្រុងហុងកុងហើយ។ ជាក់ស្ដែង​ចំពោះ​ការចាប់ខ្លួនពួកគេទាំង២នាក់នេះ ក៏ជាប់ពាក់ព័ន្ធនឹងរឿងក្តីរបស់មហាសេដ្ឋី ជីមមី ឡៃ (Jimmy Lai) ផងដែរ។

ប្រជាជនហុងកុងទាំង២នាក់នេះ​ ទី១,ឈ្មោះ អ៊ែនឌី លី (Andy Li) អាយុ ៣១ឆ្នាំ និងទី២,ឈ្មោះ ចាន់ វ៉ា (Chan Tsz-wah) អាយុ ៣០ឆ្នាំ បានសារភាពកំហុសជុំវិញការចោទប្រកាន់ថា ពួកគេបានគប់គិតជាមួយកងកម្លាំងបរទេស ដើម្បីបង្កអសន្តិសុខដល់ប្រទេសចិន។

ដោយឡែក​ចៅក្រមតុលាការហុងកុង​ ក៏បានអះអាងថា ពួកគេទាំងពីរនាក់នេះ គឺជាសមាជិកនៃក្រុមមួយ ដែលបានរៀបចំតាក់តែង និងផ្សព្វផ្សាយអត្ថបទឲ្យកាសែតបរទេស ដើម្បីអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន។

សូមជម្រាបថា​ ការចោទប្រកាន់បុគ្គលពីរនាក់ខាងលើនេះ​ ត្រូវបានធ្វើឡើង ស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនបានដាក់ឲ្យអនុវត្តនៅទីក្រុងហុងកុង កាលពីឆ្នាំ២០២០កន្លងទៅ​ និងបានធ្វើឱ្យការតវ៉ាស្ងប់ស្ងាត់ទៅវិញ។

គួរបញ្ជាក់ថា​ គិតចាប់តាំងពីការដាក់ឱ្យអនុវត្តច្បាប់នោះមក មនុស្សសរុបជាង ១៣០នាក់ត្រូវបានចាប់ខ្លួន ដោយពួកគេភាគច្រើនសុទ្ធតែជាសកម្មជន ទាមទារលទ្ធិប្រជាធិបតេយ្យ សម្រាប់ទីក្រុងស្វយ័តរបស់ចិនមួយនេះផងដែរ៕ដោយ​៖ស​ តារា​

...

រូបថតឯកសារ​​៖ The New York Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print