ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីបុរសម្នាក់ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ ពាក់ព័ន្ធនឹងករណីដុតបំផ្លាញទ្រព្យសម្បត្តិដោយចេតនា (ឡំប្រឺតា)ឲ្យរងការខូចខាត កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៥០ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ គន្ធរ ភេទប្រុស អាយុ៣៧ឆ្នាំ មុនរបរនៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុ ។ ចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃមានឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុនរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះកេីតហេតុជាមួយគ្នា ។
បេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ សីហា ២០២១នេះ មានបុរសម្នាក់ជាជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យជួយធ្វើអន្តរាគមន៍រឿងបងថ្លៃដុតបំផ្លាញឡំប្រឺតារបស់ខ្លួនឲ្យរងការខូចខាតយ៉ាងដំណំ ព្រោះតែជនសង្ស័យខឹងខ្ចីលុយគាត់ចំនួន៦០០$មិនបាន រួចជនសង្ស័យក៏បានគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះរួចមក កម្លាំងសមត្ថកិច្ចជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានចុះធ្វេីការស្រាវជ្រាវក្នុងមូលដ្ឋានក៏រកឃេីញជនសង្ស័យចេញពីផ្ទះសំណាក់ដេីរតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រួចក៏ធ្វេីការឃាត់ខ្លួនយកមកសួរនាំតែម្ដង។
ពេលសមត្ថកិច្ចជំនាញប៉ុស្ដិ៍រដ្ឋបាលដង្កោសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាដុតបំផ្លាញដោយចេតនាឡំប្រឺតាប្អូនថ្លៃប្រាកដមែន ទេីបសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ