ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជាអ្នកញៀនថ្នាំម្នាក់ ដើរលេងមកដល់ផ្ទះបង្កជម្លោះប្រពន្ធកូន និងអ្នករស់នៅជិតខាងត្រូវកងកម្លាំងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសចុះបង្ក្រាបបានញ្ជាក់ថាៈបន្ទាប់ពី ទទួលបានតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ ឈ្មោះ យ៉េត លីន អាយុ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ឈ្មោះ ឡេង លឿង អាយុ៤១ឆ្នាំ (ជាប្ដី)។ នេះបើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ម៉ែន ភិរម្យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាជនសង្ស័យខាងលើជាអ្នកញៀនថ្នាំ។ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
លោកបានចាត់តាំងកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងកងអន្តរាគមន៍ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ ចុះឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះប្រពន្ធព្រមទាំងដកហូតបានកាំបិតដងឈើប្រវែង២៨សង់ទីម៉ែត្រចំនួន១ដើម រួចនាំយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ។ ក្នុងនោះលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជក់ថ្នាំញៀនជាយូរឆ្នាំមកហើយ។ ពេលមានសារធាតុញៀនតែងតែកើតមានកំហឹងចង់តែសម្លាប់ប្រពន្ធចោល និងវាយធ្វើបាបគ្មានត្រាប្រណី ពេលខ្លះមានកំហឹងនិងអ្នកជិតខាងទៀតផង។ ផ្អែកតាមចម្លើយរបស់ជនសង្ស័យនិងវត្ថុតាងកាំបិតនៅនឹងដៃផងនោះ កម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ៕