ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃសូមជម្រាបមកស្ថាបនិក”គណបក្សកំណែទម្រង់កម្ពុជា” ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាម បទបញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ។
ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាម លិខិតដូចចុះក្នុងយោងខាងលើ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជាពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួន រួមមាន៖ (១).សេចក្តីសម្រេច បង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន (២).គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង(៣).លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹង បទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោមក្នុងការបញ្ជាក់តាមលិខិត ,
លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃសូមស្នើឲ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ។ រីឯ លក្ខន្តិកៈគណបក្សដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ នូវ៖ (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន និង(២).គោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិន អនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។
អាស្រ័យហេតុនេះ សូមលោក ជ្រាប និងចាត់ចែងអនុវត្តតាមស្មារតីខាងលើ ដោយការទទួលខុសត្រូវ៕
ដោយ៖សិលា