ភ្នំពេញ÷ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៤គ្រឿង លើផ្លូវជាតិលេខ១ លេខ៤៤ និងលេខ៧០B។
ក្នុងប្រតិបត្តិការចល័ត នៅថ្ងៃទី១៦-១៧ និង២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៤គ្រឿង ដោយ ៦គ្រឿង ត្រូវបានពិន័យ និងរើទំនិញចេញ ចំណែកឯ ៨គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។
នៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងផ្លូវលេខ៧០B ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៩គ្រឿង ដោយក្នុងនោះ ៥គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។
ដោយឡែកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៥គ្រឿង ដោយក្នុងនោះយានយន្តចំនួន ៣គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត។
យោងតាមទិន្នន័យខាងលើយានយន្តចំនួន ៨គ្រឿងត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕
ដោយ៖ស៊ុន ហេង