អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី kamala Harris បានទៅដល់ប្រទេសសិង្ហបុរីហើយនៅថ្ងៃទី២២ខែសីហានេះ ដោយលោកស្រីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីហារីស ចេញក្រៅពីទ្វីបអាមេរិក ចាប់តាំងពីលោកស្រីឡើងកាន់តំណែងនៅខែមករា។ តាមគម្រោងលោកស្រី Harris នឹងបន្តស្នាក់នៅក្នុងប្រទេសសិង្ហបុរី រហូតដល់រសៀលថ្ងៃទី ២៤ខែសីហា ទើបបន្តដំណើរទៅកាន់ប្រទេសវៀតណាម។ នៅថ្ងៃទី២៦ខែសីហា លោកស្រីហា រីសនឹងវិលត្រឡប់ទៅកាន់អាមេរិកវិញ ។ លោកស្រី Harris នឹងចាប់ផ្តើមជំនួបពិភាក្សាផ្លូវការជាមួយថ្នាក់ដឹកនាំរបស់សិង្ហបុរីនៅថ្ងៃចន្ទស្អែក ក្នុងនោះរួមមានការជួបសំណេះសំណាលជាមួយ ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob នៅវិមាន Istana ហើយបន្ទាប់មកទៀតគឺ កិច្ចប្រជុំនិងការធ្វើសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ។ កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ក៏ទើបតែបានមកបំពេញទស្សនកិច្ច នៅតំបន់អាស៉ីអាគ្នេយ៍ផងដែរ គឺទៅកាន់សិង្ហបុរី ហ្វីុលីពីន និងវៀតណាម។ យោងតាមក្រុមអ្នកវិភាគ ដំណើរទស្សនកិច្ចទាំងនេះ ត្រូវគេមើលឃើញថា ជាការព្យាយាមពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកដើម្បីទប់ទល់ប្រទេសចិន៕ដោយ៖ធីរិណា
រូបថត៖Straits Times