កាលពីចុងខែកក្កដាកន្លងមកខេត្ត Henan ប្រទេសចិនប្រឈមនឹងគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន បានសម្លាប់មនុស្សរាប់រយនាក់និងជាង៣លាននាក់រងផលប៉ះពាល់ បំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់រយលានដុល្លារ។ ក្នុងពេលនេះដែរ ទីក្រុងចំនួន២ នៅខេត្ត Henan ភាគកណ្តាលប្រទេសចិន នាថ្ងៃទី២២ខែសីហា បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតសម្រាប់គ្រោះទឹកជំនន់ ដោយអំពាវនាវឲ្យអាជ្ញាធរតាមមូលដ្ឋាន ត្រៀមលក្ខណៈសម្រាប់ការធ្លាក់ភ្លៀងខ្លាំងជោកជាំ។ ទីក្រុង Xingyang និងទីក្រុង Changyuan របស់ខេត្តហឺណាន បានដំឡើងកម្រិតឆ្លើយតបនៃការគ្រប់គ្រងទឹកជំនន់ ពីកម្រិតលេខ២ ទៅកម្រិតលេខ១ ដែលជាកម្រិតខ្ពស់ជាងគេក្នុងចំណោម៤កម្រិតនៃប្រព័ន្ធប្រកាសអាសន្នគ្រោះទឹកជំនន់របស់ចិន។ ការប្រកាសអាសន្នកម្រិតខ្ពស់នេះ ព្រមានពីលទ្ធភាពនៃការបាក់ទំនប់ទឹក រួមទាំងការជន់លិចធ្ងន់ធ្ងរ នៅកន្លែងជាច្រើនព្រមគ្នា។ កាលពីខែកក្កដា កន្លងទៅ ការធ្លាក់ភ្លៀងខ្លាំងមិនធ្លាប់មាន បានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលផ្តាច់ជីវិតមនុស្សច្រើនជាង៣០០នាក់ នៅក្នុងខេត្តហឺណាន។ ទីក្រុងស៉ីងយ៉ាង និងទីក្រុងឆាងយ័ន ក៏បានស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរនាពេលនោះផងដែរ។ ក្រៅពីភាគកណ្តាល អាជ្ញាធរចិនក៏បានព្រមានពីការធ្លាក់ភ្លៀងខ្លាំងនៅទូទាំងប្រទេសថែមទៀតផង រួមមានទាំងនៅខេត្ត Sichuan ភាគនិរតី និងខេត្ត Heilongjiang ភាគឦសានប្រទេសចិន៕ដោយ៖ធីរីណា
រូបថត៖Reuters