រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីបិទពិធីសូត្រគម្ពីរអាល់គួរ៉ា អានុលការីមទូទាំងប្រទេសលើកទី២៦ ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះ លោកស្រី បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសាសនាឥស្លាម គ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើការ រួមគ្នាបំពេញ តួនាទីរបស់ខ្លួន រហូតសម្រេចបាននូវជោគជ័យ និងសមិទ្ធផល ជាច្រើនគួរឲ្យកត់សម្គាល់ ជូនសហគមន៍ឥស្លាម។
លោកស្រី បានមានប្រសាសន៍បន្តថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណ ជាបន្តបន្ទាប់ ដើម្បីជម្រុញឲ្យមានប្រសិទ្ធផល ការអនុវត្ត គោលការណ៍នេះ រហូតប្រទេសជាតិទាំងមូលទទួលបាននូវ៖ ការរស់រានមានជីវិតបន្ទាប់ពីត្រូវកាប់សម្លាប់ សន្តិភាពពេញលេញបន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃ ភាពសុខដុមរមនីយកម្ម បន្ទាប់ពីត្រូវស្ថិតក្នុងភាពតក់ស្លុតនិងភ័យរន្ធត់ ជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ ធម៌អាថ៌សាសនាត្រូវបានលើកតម្កើង និងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយកំពុងបោះពួយរីកចម្រើន ឆ្ពោះទៅកាន់សង្គមជឿនលឿន និងវឌ្ឍនភាព៕សុខ ខេមរា