បិសាចក្រហមបានត្រឹមស្មើ ខណៈតោខៀវ Chelsea បន្តជ័យជម្នះឈរកំពូលតារាងបណ្តោះអាសន្ន

ចែករំលែក៖

ក្រុមភ្ញៀវបិសាចក្រហម Manchester United បានទទួលលទ្ធផលត្រឹមស្មើគ្នា១ទល់១ទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២រដូវកាលថ្មីកាលពីយប់ថ្ងៃទី២២ សីហាម្សិលមិញ។ ចំណែកក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះយ៉ាងធំធេងទៅលើក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល២ទល់០។

 

ក្រុមបិសាចក្រហម Man United បានលេងដោយទំនុកចិត្តក្នុងការប្រកួតកាលពីយប់មិញ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺក្រុមខ្លាំងមួយនេះបានភ្លាត់ស្នៀតនៅតង់ទី១ នាទីទី៣០ ដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred បានស៊ុតចូលទីខ្លួនឯង១គ្រាប់ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះ Southampton នាំមុខ១ទល់០។

 

ចូលដល់ការប្រកួតតង់ទី២ ក្រុមបិសាចក្រហមបានព្យាយាមដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅតែធ្វើអ្វីមិនបាន ហើយជួនកាលត្រូវក្រុមម្ចាស់ផ្ទះសម្រុកផងដែរ។ ចូលដល់នាទីទី៥៥ ខ្សែប្រយុទ្ធវ័យក្មេង Greenwood បានស៊ុតចូល១គ្រាប់សងវិញ ដែលជាការបញ្ជូនបាល់ពីកីឡាករ Pogba ធ្វើឲ្យក្រុមភ្ញៀវបិសាចក្រហមតាមបានស្មើ១ទល់១ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត។

 

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន១ពិន្ទុកបន្ថែមសរុប៤ពិន្ទុឈរចំណាត់ថ្នាក់លេខ៥ ខណៈដែលក្រុម Southampton ឈរចំណាត់ថ្នាក់លេខ១៣ មាន១ពិន្ទុក្នុង២ប្រកួតកន្លងមក។

 

 

ចំណែកក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល២ទល់០។ ២គ្រាប់នេះរកបានដោយកីឡាករទើបនឹងទិញចូលថ្មីគឺខ្សែប្រយុទ្ធ Lukaku នៅនាទីទី១៣ និង១គ្រាប់ទៀតនៅនាទីទី៣៥ រកបានដោយកីឡាករ Reece James។ ជ័យជម្នះនេះធ្វើឲ្យក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal រងការបរាជ័យ២ប្រកួតផ្ទួនៗក្នុងដើមរដូវកាលថ្មីនេះ ខណៈដែលក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះ២ប្រកួតផ្ទួនៗគ្នា។

 

ក្រុមតោខៀវ Chelsea ទទួលបាន៣ពិន្ទុបន្ថែម ដោយឡើងទៅឈរកំពូលតារាងបណ្តោះអាសន្នមាន៦ពិន្ទុក្នុង២ប្រកួតកន្លងមក។ ចំណែកក្រុមកាំភ្លើងធំ Arsenal ទទួលរងបរាជ័យ២ប្រកួតជាប់គ្នាគឺមិនទាន់រកបាន៣ពិន្ទុនោះទេ ដោយបន្តឈរលេខ១៩ជិតបាតតារាងបណ្តោះអាសន្ន។

 

សម្រាប់ការប្រកួតបន្តក្រុម Chelsea ត្រូវប៉ះក្រុមខ្លាំងហង្សក្រហម Liverpool នៅថ្ងៃទី២៨ សីហា ខណៈដែលក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះក្រុម West Brom នៅថ្ងៃទី២៦ សីហា។ ចំណែកក្រុមបិសាចក្រហម Man United នឹងត្រូវប៉ះក្រុម Wolverhampton នៅថ្ងៃទី២៩ សីហាខាងមុខ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print