ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និងប្រគល់អំណោយជា ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន និងស្ថានីយ៍វិទ្យុជាតិ FM៩៦ ទុកសម្រាប់ប្រើប្រាស់ជាក់ស្តែងប្រចាំថ្ងៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។
គួរបញ្ជាក់ដែរថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១,០០០តេស្ត និងឧបករណ៍តេស្តរហ័សរក អង្គបដិបក្ខ ( អង់ទីគ័រ ) ចំនួន៨០តេស្ត ជាអំណោយរបស់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យ បច្ចេកទេស ផ្នែក ផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ បាននាំយកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទុកសម្រាប់ប្រើប្រាស់ធ្វើតេស្តរហ័ស ដល់មន្រ្តីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលសង្ស័យឆ្លងជំងឺកូវីដ ឬធ្វើតេស្ត ក្នុងវិធានការការពារ ទាំងអស់គ្នា។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ទៀតថា, រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថាឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ និងឧបករណ៍ តេស្តរហ័សរក អង្គបដិបក្ខ( អង់ទីគ័រ ) ស្របពេលដែលក្រសួង កំពុងត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់ ប្រចាំថ្ងៃហើយកន្លងមកក្រសួងព័ត៌មាន ក៏បានទិញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យកមកប្រើប្រាស់រួចដែរហើយ ។
ដូច្នេះក្នុងឱកាសនេះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបែងចែក ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះឲ្យក្រសួងព័ត៌មាន និងស្ថានីយ៍វិទ្យុជាតិ FM 96 ដោយក្នុង ១ អគ្គនាយកដ្ឋានទទួលបាន ១៥០ តេស្ត ទុកសម្រាប់ប្រើប្រាស់ តាមតម្រូវការជាក់ស្តែងប្រចាំថ្ងៃ ដើម្បីនិរន្តរភាព ការផ្សាយមិនឲ្យមានការអាក់ខានពិសេសឧបករណ៍នេះដែរ ទុកសម្រាប់តេស្ត វាគ្មិន ដែលត្រូវបានអញ្ជើញមកចូលរួមសម្ភាសក្នុងស្ទីតយោផ្សាយវិទ្យុ និងទូរទស្សន៍ ក៏ដូចក្រុមការងារជួរមុខ ដែលត្រូវចុះយកព័ត៌មាន និងផលិតកម្មវិធីបទយកការណ៍ផ្សេងៗ នៅតាមទីសាធារណ: ដែលមានមនុស្សច្រើនមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ ៕
ដោយ, សិលា