ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាកHILUX REVO ក្នុងល្បឿនយ៉ាងលឿនហេីយរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យសំណាញ់និងបង្កាន់ដៃស្ពានរងការខូចខាត ឯរថយន្តបង្កខូចផ្នែកខាងមុខស្ទើរទាំងស្រុងតែអ្នកបេីកបរមិនរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ស្ថិតនៅចំណុចលើស្ពានបាឡេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកHILUX REVO ពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ 06 2-0223 ធ្វើដំណើរលេីស្ពានបាឡេ ទិសដៅពីលិចឡើងស្ពានឆ្ពោះទៅខាងកើតខណៈមកដល់ចំណុចកើតហេតុពាក់កណ្ដាលស្ពាន ស្រាប់តែរេចង្កូតមកខាងស្ដាំដៃបុកបង្កាន់ដៃស្ពានអមដោយសំណាញ់ពេញទំហឹង បណ្ដាលឲ្យកំពិតដៃស្ពាននិងសំណាញ់រហែក ដោយរថយន្តបង្កខូចមួយកំណាត់មុខ ព្រមទាំងដាច់កង់មុខខាងឆ្វេងទៅលែងរួច។ក្រោយកេីតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានបើកទ្វារដើរគេចចេញបាត់ទុករថយន្តចោលលេីស្ពានបាឡេ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ