រថយន្តHILUX REVO​ ពាក់ស្លាកលេខរដ្ឋ06 ពន្លះបង្កាន់ដៃស្ពានបាឡេរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ទំនងជាស្រវឹងស្រា​ បានបើករថយន្តមួយគ្រឿងម៉ាកHILUX REVO ក្នុងល្បឿនយ៉ាងលឿនហេីយរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យសំណាញ់និងបង្កាន់ដៃស្ពានរងការខូចខាត​ ឯរថយន្តបង្កខូចផ្នែកខាងមុខស្ទើរទាំងស្រុងតែអ្នកបេីកបរមិនរងរបួស​។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១​ស្ថិតនៅចំណុចលើស្ពានបាឡេ​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកHILUX REVO​ ពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ 06 2-0223 ធ្វើដំណើរលេីស្ពានបាឡេ​ ទិសដៅពីលិចឡើងស្ពានឆ្ពោះទៅខាងកើត​ខណៈមកដល់ចំណុចកើតហេតុពាក់កណ្ដាលស្ពាន​ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃបុកបង្កាន់ដៃស្ពានអមដោយសំណាញ់ពេញទំហឹង​ បណ្ដាលឲ្យកំពិតដៃស្ពាននិងសំណាញ់រហែក​ ដោយរថយន្តបង្កខូចមួយកំណាត់មុខ​ ព្រមទាំងដាច់កង់មុខខាងឆ្វេងទៅលែងរួច។ក្រោយកេីតហេតុភ្លាមៗ​ ម្ចាស់រថយន្តបង្កបានបើកទ្វារដើរគេចចេញបាត់ទុករថយន្តចោល​លេីស្ពាន​បាឡេ​  បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print