ភ្នំពេញ៖ ភ្លើងបុកខ្លាំងបង្កជាទុស្សេខ្សែភ្លើង និងបង្កឱ្យមានផ្សែងហុយខ្មួលខ្មាញចេញពីតូបកាត់សក់ នាំឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឆោឡោរ និងពន្លត់ទាន់ពេលវេលា ដោយសារតែភ្លើងបុកបណ្តាលឱ្យឆ្លងចរន្តអគ្គីសនី ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ជាប់នឹងស្ថាននីយ៍ប្រេងឥន្ឋនៈតេលា ៦១៦ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ទុស្សេខ្សែភ្លើងនៅម្តុំសង្កាត់ស្ទឹងមានជ័យនោះ គឺមកពីខ្សែភ្លើងបានដាច់តាំងពីថ្ងៃមកម្ល៉េះ ដោយមិនមានអ្នកពាក់ពាន់មកតផ្ចាប់ឡើយ ហើយនៅវេលាម៉ោងកើតហេតុភ្លើងក៏បានភ្លឺមកវិញ ភ្លាមនោះគេក៏បាន ឃើញមានផ្សែងហុយខ្មួរខ្មាញចេញពីតូបកាត់សក់ យីហោ សម័យស្តាយល៍ បង្កឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋនៅក្បែរនោះ ឆោឡោរឡើងនាំគ្នាយកទឹកជួយជះពន្លត់ទាន់ពេលវេលា ដោយមិនឱ្យមានភ្លើងឆាប់ឆេះឡើងនោះទេ ។
ប្រភពបន្តថា ហេតុការណ៍ខាងលើគឺទំនងដោយសារតែនៅពេលភ្លើងដាច់ហើយភ្លឺមកវិញនោះ គឺភ្លើងបុក និងម្យ៉ាងវិញទៀតដោយសារតែម្ចាស់តូបកាត់សក់ភ្លេចមិនបារ៉ែតភ្លើងពេលបិទតូប ទើបឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើងបែបនេះ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ