អនុប្រធានាធិបតីអាមរិក លោកស្រី Kamala Harris បានជ្រើសយកការតស៊ូ«ផ្លាស់ប្តូរអ្វីដែលគួរតែផ្លាស់ប្តូរ» ក្នុងសង្គមអាមេរិក ហើយកំពុងតែទទួលបានជោគជ័យនៅលើវិថីរបស់ខ្លួនដែលបានជ្រើសរើស។
លោកស្រី Kamala Harris បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤-២៦ខែសីហា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ។ កន្លងមកលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា គោលដៅនៃដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Harris គឺដើម្បីការពារច្បាប់អន្តរជាតិស្តីពីសមុទ្រចិនខាងត្បូង ។ ជាមួយគ្នានេះលោកស្រីចង់បង្កើនឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត ។
សេតវិមានអាមេរិក បានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន កំពុងតែព្យាយាមបង្ហាញពីគោលជំហរច្បាស់លាស់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។
យន្តហោះដឹកលោកស្រី Kamala Harris បានចុះចតនៅអាកាសយានដ្ឋានរដ្ឋធានីហាណូយ នាវេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី២៤ខែសីហា ។ តាមគម្រោងនៅថ្ងៃទី២៥ខែសីហានេះ លោកស្រីនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាម ស្តីពីបញ្ហាជាច្រើនក្នុងនោះមានទាំងទំនាក់ទំនងទ្វេភាគីផងដែរ៕ ដោយ៖ធីរីណា