អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammad Naeem បានឱ្យដឹងថា អនុប្រធានគណៈកម្មការនយោបាយក្រុមតាលីបង់ លោក Salam Hanafi បានជួបជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងរដ្ឋធានីកាប៊ុល លោក Wang yu ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ។
អ្នកនាំពាក្យក្រុមតាលីបង់ បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «ពួកគាត់ពិភាក្សាគ្នាលើបញ្ហាសន្តិសុខរបស់ស្ថានទូតនិងមន្ត្រីការទូតចិន ស្តីពីស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន និងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ពីប្រទេសចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែបន្តបើកដំណើរការស្ថានទូតក្នុងទីក្រុងកាប៊ុលដដែល ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៥ ខែសីហា ។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យការិយាល័យ នយោបាយក្រុមតាលីបង់នៅក្នុងប្រទេសកាតារ លោក Sohail Shahin បានប្រកាសថា ឥទ្ធិពលរបស់រុស្ស៊ី និឹងជួយដោះស្រាយស្ថានភាពនៅក្នុងតំបន់ Panjshir ស្ថិតនៅតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នមិនទទួលស្គាល់ក្រុមតាលីបង់ ។
ឆ្លើយតបទៅនឹងសំណួរសួរថា តើក្រុមតាលីបង់នឹងស្នើដល់ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកាប៊ុលធ្វើជាអាជ្ញាកណ្តាលក្នុងកិច្ចពិភាក្សាជាមួយកម្លាំងឧទ្ទាមនៅតំបន់ Panjshir ដែរឬទេ? លោក Sohail Shahin បានបញ្ជាក់ថា «បញ្ហាទាំងនោះចាំបាច់ត្រូវតែពិភាក្សាជាមួយនឹងការប្រើប្រាស់ឥទ្ធិពលរបស់រុស្ស៊ី សម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់»។ បច្ចុប្បន្នក្រុមប្រឆាំងតាលីបង់ បានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់នៅក្នុងតំបន់ Panjshir ក្លាយជាក្រុមប្រឆាំងតែមួយគត់នៅក្នុងប្រទេសនេះនាពេលបច្ចុប្បន្ន៕
ដោយ៖សាធី
អនុប្រធាននយោបាយតាលីបង់នៅកាតាលោកAbdul Salam Hanafi (ទី ២ ពីឆ្វេង) ជួបឯកអគ្គរដ្ឋទូតចិនប្រចាំអាហ្វហ្កានីស្ថានលោកWang Yu(ទី ២ ពីស្តាំ) នៅទីក្រុងKabul ថ្ងៃទី ២៤ ខែសីហា។ (ប្រភព៖ Twitter)