ក្រុមហ៊ុន Pfizer យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម២០លានដូសដល់វៀតណាម

ចែករំលែក៖

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Pfizer & BioNTech ជាមួយក្រសួងសុខាភិបាលវៀតណាម ក្រុម ហ៊ុនវ៉ាក់សាំងអាមេរិកនឹងផ្តល់ជូនវ៉ាក់សាំងPfizer បន្ថែមចំនួន២០ លានដូសទៀត ក្រៅពីចំនួន៣១លានដូសដែលបានចុះកិច្ចព្រមព្រៀងរួចរាល់។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង បន្ថែម២០លានដូសទៀតពីក្រុមហ៊ុន Pfizer & BioNTech ហើយវ៉ាក់សាំងទាំងនោះនឹងបញ្ជូនឲ្យវៀតណាមនៅចុងឆ្នាំ២០២១។ ដូច្នេះនៅក្នុងឆ្នាំនេះវៀតណាមនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន៥១លានដូស គឺ មិនមែន៣១លានដូសនោះឡើយ។ តំណាងក្រុមហ៊ុន Pfizer & BioNTech បានលើកឡើងថា ក្រុមហ៊ុននឹងសហការជួយដល់រដ្ឋាភិបាល និងពលរដ្ឋវៀតណាម ទទួលបានវ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍។ បច្ចុប្បន្ន វៀតណាមមានករណីឆ្លងកូវីដ-១៩ខ្ពស់មិនធ្លាប់មានពីមុនមក ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី២៥ខែសីហា បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ ១២,០៩៦ករណីដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអាស៊ានមួយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ៣ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈដែលទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,២៩៤នាក់។គិតត្រឹមយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៨១,៣៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦៩,៩២១នាក់ ខណៈចំនួនអ្នកស្លាប់ ៩,៣៤៩នាក់៕ដោយ៖ធីរីណា

ប្រភព៖tienphong.vn.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print