គណៈកម្មាធិការប្រជាជនជាន់ខ្ពស់ (SPA) គឺរដ្ឋសភាកូរ៉េខាងជើង បានកោះប្រជុំនៅថ្ងៃទី២៨ខែកញ្ញា ដើម្បីពិភាក្សាស្តីពីគោលនយោបាយសេដ្ឋកិច្ច និងបញ្ហាប្រឈមមុខជាច្រើនផ្សេងទៀតរបស់ប្រទេសជាតិ។ ក្នុងពេលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំង ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនៅថ្ងៃទី២៦ខែសីហាបានផ្សាយថា រដ្ឋាភិបាលបានកោះប្រជុំកិច្ចប្រជុំពិសេសនៃរដ្ឋសភាដើម្បីអនុម័តគោលនយោបាយសេដ្ឋកិច្ចជាតិ។ តាមសារព័ត៌មាន KCNA បានផ្សាយថា របៀវារៈនៃកិច្ចប្រជុំសភា រួមមានការកែទម្រង់ច្បាប់ និងបំពេញបន្ថែម ព្រមទាំងគម្រោងសេដ្ឋកិច្ចជាតិ ក៏ដូចជាច្បាប់ពាក់ព័ន្ធ ការអភិវឌ្ឍទីក្រុង និងការអប់រំ។ ការសម្រេចកោះប្រជុំរដ្ឋសភា គឺក្រោយកិច្ចប្រជុំមន្ត្រីដឹកនាំនៅថ្ងៃទី២៤ខែសីហា។ តាមធម្មតា រដ្ឋសភាកូរ៉េខាងជើងនឹងបើកកិច្ចប្រជុំមួយឆ្នាំម្តង ជារៀងរាល់ខែមេសាដើម្បីអនុម័តមន្ត្រីដឹកនាំ និងមូលនិធិដែលគណបក្សពលករបានស្នើឡើង ។ កូរ៉េខាងជើងក៏តែងតែប្រកាសពីសារសំខាន់ក៏ដូចជាការផ្លាស់ប្តូរគោលនយោបាយនៅក្នុងកិច្ចប្រជុំសភា។ ព័ត៌មានថ្មីបំផុតស្តីពីកិច្ចប្រជុំកើតឡើងក្នុងពេលដែលធនាគារ ជាតិកូរ៉េខាងជើងប្រកាសថាសេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ២៣ឆ្នាំកន្លងមក។ សេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះខ្លាំង ដោយការដាក់ទណ្ឌកម្ម ក៏ដូចជាគ្រោះធម្មជាតិទឹកជំនន់ និងការឆ្លងរាលដាលកូវីដ-១៩ ។ កន្លងមក មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន កាលពីខែមិថុនា បានប្រកាសតាមកញ្ចក់ទូរទស្សន៍ពីស្ថានភាពប្រទេសជាតិ និងការប្រឈមមុខកង្វះស្បៀងអាហារយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១នេះ។ លោកបានស្នើដល់ពលរដ្ឋព្យាយាមតស៊ូឆ្លងផុតពីឧបសគ្គទាំងឡាយ៕ដោយ៖ធីរីណា
រូបថត៖KCNA.