ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំ និងដាក់ផែនការឲ្យមេបញ្ជាការដឹកនាំតាមតំបន់នីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធា្នប់ ឲ្យបានល្អ។ លោកអគ្គស្នងការ បន្តថា គ្រប់មេបញ្ជាដឹកនាំតាមតំបន់នីមួយៗ ត្រូវប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវិភាគ វាយតម្លៃ ឲ្យបាននូវឧបាយកលនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬការបង្កចលាចល ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងមានវិធានការម្ចាស់ការ ដើម្បីដោះស្រាយសមស្រប មានប្រសិទ្ធិភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ក្នុងកិច្ចការការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការី នៃព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ កម្លាំងសមត្ថកិច្ចបានបែងចែកគោលដៅការពារធំៗចំនួន៣ និងប្រើប្រាស់កម្លាំងជាង២ពាន់នាក់ ដើម្បការពារសុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល និងឥស្សរជនសំខាន់ៗ ៕នគរបាលជាតិ