ភ្នំពេញ ៖ បុរសម្នាក់កំពុងបើករថយន្ត
សុខៗស្រាប់តែចាំងភ្លើងហ្វារថយន្តដែលបើកមកពីខាងមុខបណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវបេតុងជាប់និឹងផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-8496 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបត់ទៅខាងស្ដាំដៃ ដោយសង្ស័យថាចាំងជាមួយនឹងភ្លើងហ្វារថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នានៅពីខាងមុខបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយធ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យជាក់ស្ដែងឃើញថាមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវនោះ ក៏ឲ្យម្ចាស់រថយន្តខាងលើទាក់ទងទៅខាងរថយន្តស្ទូច ដើម្បីមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ និន សុភ័ស្ត