ខេត្តបន្ទាយមានជ័យ : រដ្ឋបាលស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា (Facebook Page) ដែលមានឈ្មោះថា RFA Khmer បានសរសេរបង្ហោះនេះ ជាព័ត៌មានមិនពិត ដែលជនអគតិ ប្រឌិតឡើងក្នុងន័យញុះញង់ បង្កភាពចលាចល និងអសន្តិសុខក្នុងសង្គមតែប៉ុណ្ណោះ ! នេះបើយោងតាមអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, រដ្ឋបាលស្រុកអូរជ្រៅ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយលើកឡើងថា,រដ្ឋបាលស្រុកអូរជ្រៅ មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ លោក លោកស្រី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលា ម៉ោងប្រហែល ៣រសៀល មានបណ្ដាញសង្គមមួយ (Facebook Page) ដែលមានឈ្មោះថា RFA Khmer បានសរសេរបង្ហោះព័ត៌មានមួយ ដែលមានខ្លឹមសារថាៈ «ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ រាប់សិបនាក់បានធ្លាក់ខ្លួនឈឺ និងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ក្នុងនាមរដ្ឋបាលស្រុកអូរជ្រៅ ដែលទទួលបន្ទុករៀបចំមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យកូប ទទួលពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ឃុំអូរបីជាន់ សូមបដិសេធទាំងស្រុង នូវព័ត៌មានដែលបណ្តាញសង្គម (Facebook Page) មានឈ្មោះថា RFA Khmer បានសរសេរបង្ហោះនេះ ជាព័ត៌មានមិនពិត ដែលជនអគតិ ប្រឌិតឡើងក្នុងន័យញុះញង់ បង្កភាពចលាចល និងអសន្តិសុខក្នុងសង្គមតែប៉ុណ្ណោះ។ រដ្ឋបាលស្រុកអូរជ្រៅ សូមបញ្ជាក់ថា ពលករខ្មែរដែលបានធ្វើចត្តាឡីស័ក នៅវិទ្យាល័យកូប ស្រុកអូរជ្រៅ មានសុខភាពល្អ ហើយបានចាកចេញទៅលំនៅដ្ឋានរៀងៗខ្លួន មួយចំនួន ចំណែកពលករខ្មែរ ដែលកំពុងធ្វើចតាឡីស័កចំនួន ៧០០នាក់ រួមទាំងក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក បានទទួលទានផ្លែតាង៉ែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រប់ៗគ្នា ប្រកបដោយទឹកចិត្តសប្បាយរីករាយ ដោយគ្មានបញ្ហាសុខភាព ដូចដែលបណ្តាញសង្គម (Facebook Page) មានឈ្មោះថា RFA Khmer បានផ្សព្វផ្សាយនោះទេ មិនតែប៉ុណ្ណោះពលករ និងក្រុមការងារទាំងអស់ បានថ្លែងអំណរគុណជាអនេកប្បការ ដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរ យកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង ដល់ពលករខ្មែរទាំងអស់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្នុងអំឡុងពេល រីករាលដាលនៃជំងឺ កូវីដ-១៩កន្លងមក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី សាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា