ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំចំណែកបក្ខពួកផ្សេងទៀតបានគេចខ្លួនបាត់ក្រោយពីចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ប្លន់យកទ្រព្យសម្បត្តិ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់
ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ ជាន់ទី២ ក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ជាសិស្ស រស់នៅបន្ទប់ជួលលេខ៥ ជាន់ទី១ជាមួយម្តាយ ក្នុងភូមិសង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ចំណែកឃាតកឈ្មោះគ្រីប ណាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកេីតហេតុអស់រយៈពេល២ឆ្នាំមកហេីយ ហេីយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។
នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯង ដោយម្តាយនិងបងស្រីទៅធ្វេីការអស់។
តាមប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានបន្តឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានខលតាមទូរស័ព្ទមកកូនបំណងប្រាប់ថាគាត់នៅធ្វើការថែមម៉ោង តែខលមិនចូល បន្ទាប់មកក៏មានអ្នកស្នាក់នៅបន្ទប់ក្បែរបានខលប្រាប់គាត់ថា ឃេីញទ្វារបន្ទប់គាត់បេីកចំហតែមិនឃេីញកូនទេ ពេលនោះគាត់ក៏បានចេញពីធ្វើការមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលដោយឃើញកូនរបស់គាត់ត្រូវជនដៃដល់ចាក់សម្លាប់ រួចយកសពទៅលាក់ទុកនៅជាន់ទី២បន្ទប់លេខ១៣។ ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហេីយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលគាត់ឃេីញថាបាត់បង់ខ្សែកផ្លាទីនមួយខ្សែ, កូនជ្រូកសន្សំលុយមួយដែលក្នុងនោះមានលុយជាង៣០០ដុល្លារ និងទូរស័ព្ទម៉ាកOppo មួយគ្រឿង។
ជំុវិញករណីខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនដៃដល់ម្នាក់ដែលជាអ្នកស្នាក់នៅបន្ទប់លេខ១៣នោះតែម្តង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះខ្ទេីយ រឺចេក បានគេចខ្លួនបាត់។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅស្ត្រីជាម្តាយដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ