ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានរថយន្តបុកប៉ើងអូសជាង១០ម៉ែត្របណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងពេលដែលស្ត្រីចំណាស់រូបនេះបានជិះកង់ត្រឡប់មកពីលក់បន្លែ។
ហេតុការណ៍ដ៏អាណោចអាធ័មនេះបានកើតឡើងនៅវេលាម៉ោង៥ និង២០នាទីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ស្រី្តរងគ្រោះឈ្មោះ ម៉ាន់ លឺ អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។ មុនពេលកើតហេតុ ស្ត្រីចំណាស់រងគ្រោះបានជិះកង់ទៅលក់ផ្លែននោងនៅផ្សារបរិបូរណ៍ ពេលលក់រួចហើយបានជិះកង់ត្រឡប់មកផ្ទះវិញក្នុងទិសដៅពីជើងទៅត្បូងនៅពេលមកដល់ចំណុចកើតហេតុជាផ្លូវបំបែកស្ត្រីរងគ្រោះបានបត់កង់ឆ្លងផ្លូវជាតិ ស្រាប់តែត្រូវរថយន្តបុកពេញទំហឹងអូសជាង១០ម៉ែត្រ បណ្តាលអោយស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ហើយអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបុកស្ត្រីរងគ្រោះនោះជាប្រភេទរថយន្តដឹកអ្នកដំណើរប្រភេទ វីអាយភី បើកពីត្បូងទៅជើង គឺពីភ្នំពេញទៅបាត់ដំបង ចំណែកស្ត្រីរងគ្រោះជិះពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងថ្នល់ក៏ត្រូវរថយន្តបុកពេញទំហឹង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ៕
ដោយ៖ ចន្ថា