ភ្នំពេញ, លោក ជា ពិសី អតីតជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បច្ចុប្បន្នជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបង្ហោះនូវសារ លើ facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយពាក្យថា, (វាចាចិត្តខ្ញុំ)ស្ថិតក្នុងតំណែងជាអភិបាលរងខណ្ឌប្ញស្សីកែវ រយៈពេល ៤ ឆ្នាំ ១ ខែ និង២៨ថ្ងៃ និងជាអភិបាលខណ្ឌប្ញស្សីកែវ រយៈពេល ៥ ឆ្នាំ ៥ ខែ និង២៧ ថ្ងៃ !
លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានថ្លែងថា, វាចាចិត្តខ្ញុំ❤ជានាទីចុងក្រោយជូនដល់មីងមា បងប្អូនទាំងអស់ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត🙏❤
ខ្ញុំសូមអរគុណចំពោះ លោក លោកស្រី ក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កងកម្លាំងគ្រប់ប្រភេទ លោក លោកស្រី ចៅសង្កាត់-ក្រុមប្រឹក្សាសង្កាត់ទាំង៧ មន្ត្រីសង្កាត់-ភូមិ ប្រជាការពារខណ្ឌ-សង្កាត់ និងប្អូនៗ យុវជន យុវនារី ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ រយៈពេលកន្លងមកនេះ យើងបានរួបរួមសាមគ្គីគ្នាជាថ្លុងមួយយ៉ាងស្និតរមួត ក្នុងការបំពេញតួនាទី និងភារកិច្ច បំរើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ដោយសេចក្ដីស្មោះត្រង់បំផុត ព្រមទាំងបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ប្រកបដោយស្មារតីទទួលខុសខ្ពស់បំផុត រហូតធ្វើអោយយើងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ជាការពិតណាស់ កំឡុងពេលជិត១០ឆ្នាំ ដែលខ្ញុំស្ថិតក្នុងតំណែងជាអភិបាលរងខណ្ឌប្ញស្សីកែវ រយៈពេល ៤ ឆ្នាំ ១ ខែ និង២៨ថ្ងៃ និងជាអភិបាលខណ្ឌប្ញស្សីកែវ រយៈពេល ៥ ឆ្នាំ ៥ ខែ និង២៧ ថ្ងៃ ខ្ញុំពិតជាមានមោទនភាពដ៏ធំធេងបំផុត និងមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយមានភ័ព្វសំណាងបានចូលរួមបំពេញភារកិច្ចការងារក្នុងបុព្វហេតុបំរើដល់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងទឹកដីខណ្ឌប្ញស្សីកែវ។ រួមជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដែលបាននឹងកំពុងផ្ដល់ក្ដីស្រឡាញ់រាប់អានដល់ខ្ញុំ និងភរិយា ថែមទាំង តែងតែគាំទ្រជានិច្ចកាល នូវសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ជាពិសេសស្ថិតក្នុងអាណត្តិខ្ញុំជាអភិបាលខណ្ឌកន្លងមក។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងបន្តតែងតាំង ខ្ញុំបាទ ជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លើសពីនេះទៅទៀត ខ្ញុំបាទសូមប្ដេជ្ញាអនុវត្តតួនាទី និងភារកិច្ចថ្មីនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងអាចឈានដល់ការសម្រេចបានជាលទ្ធផលល្អគាប់ប្រសើរ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាបន្តទៀត ។ ខ្ញុំបាទក៏សូមគោរពជូនពរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមជួបប្រទះតែ សុខភាពមាំមួន បញ្ញាវៀងវៃ និងទទួលជោគជ័យលើគ្រប់ភារកិច្ចបំរើជាតិ និងប្រជាជនកម្ពុជាជានិរន្តន៍។ សាជាថ្មីម្ដងទៀត ខ្ញុំសូមបន្តផ្ដល់ការលើកទឹកចិត្តដល់ លោក លោកស្រី ក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខណ្ឌ-សង្កាត់ -ភូមិ កងកម្លាំងគ្រប់ប្រភេទ យុវជន យុវនារី ជាពិសេស សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ សូមបន្តខិតខំអនុវត្តតួនាទី និងភារកិច្ច បំរើជាតិ និងប្រជាជន អោយកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីឈានឆ្ពោះទៅដណ្ដើមបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលខាងមុខនេះ ជូន គណបក្ស និងរាជរដ្ឋាភិបាលអោយបាន១០០%។
លោកបានបន្តថា, ជាចុងក្រោយ ខ្ញុំសូមជូនពរដល់ លោក លោកស្រី ក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខណ្ឌ-សង្កាត់-ភូមិ កងកម្លាំងគ្រប់ប្រភេទ យុវជន យុវនារី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជន យុវនារី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខណ្ឌប្ញស្សីកែវ ជាបេះដូងរបស់ខ្ញុំជារៀងរហូត ខ្ញុំក៏នៅតែជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌប្ញស្សីកែវ ខ្ញុំនៅតែស្រឡាញ់រាប់អាន ក្រុមប្រឹក្សា មន្ត្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ ជារៀងរហូត សូមអរគុណ ❤🙏៕
ដោយ, សិលា