ក្លិប Atletico Madrid បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Matheus Cunha ពីក្លិប Hertha Berlin ខណៈដែលការស្វែងរកខ្សែប្រយុទ្ធក្លិបជើងឯក Li Liga មួយនេះបានឈានដល់ទីបញ្ចប់ហើយ។
កីឡាករវ័យ២២ឆ្នាំរូបនេះប្រហែលជាមិនស្ថិតក្នុងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Luis Suarez ទេ ផ្ទុយទៅវិញគាត់មានទម្រង់លេងប្រហាក់ប្រហែលនឹង Angel Correa ប៉ុន្តែគាត់ត្រូវបានគេនាំមកកាន់ Atletico Madrid ដើម្បីបញ្ចប់ការស្វែងរកខ្សែប្រយុទ្ធរបស់គ្រូបង្វឹកលោក Diego Simeone ។
ការមកដល់របស់កីឡាកររូបនេះបានកើតឡើងបន្ទាប់ពី Atletico Madrid បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Fiorentina សម្រាប់ខ្សែប្រយុទ្ធ Dusan Vlahovic ដែលជាកីឡាករពាក់អាវលេខ៩។ កាលពីដើមរដូវក្តៅ ក្លិបក៏បានព្យាយាមមើលថា តើពួកគេអាចល្បួង Antoine Griezmann ឲ្យចេញពី Barcelona ដែរឬទេប៉ុន្តែនៅតែគ្មានកិច្ចព្រមព្រៀង។
កីឡាករ Matheus Cunha បានចាកចេញពីប្រទេសប្រេស៊ីលនៅអាយុ១៨ឆ្នាំ ខណៈដែលគាត់បានចូលរួមជាមួយក្រុមស្វីស Sion ប៉ុន្តែគាត់មិនបាននៅទីនោះយូរទេ ដោយសារទម្រង់លេងរបស់គាត់បានទាក់ទាញក្លិប RB Leipzig ដែលបានចំណាយ១៥លានអឺរ៉ូសម្រាប់តម្លៃខ្លួន។ បន្ទាប់ពីរដូវកាលកន្លះនៅ Leipzig កីឡាករ Cunha បានប្តូរទៅក្លិប Hertha ក្នុងតម្លៃ១៨លានអឺរ៉ូ ហើយ១៨ខែក្រោយមកគាត់បានបញ្ចប់ការផ្ទេរទៅកាន់ Atletico Madrid វិញ។
Matheus Cunha ប្រហែលជាមិនមែនជាអ្នករកគ្រាប់បាល់ច្រើននោះទេ ប៉ុន្តែទិន្នន័យរបស់គាត់មិនអាក្រក់នោះទេ។ ដោយមិនអើពើពេលវេលារបស់គាត់នៅ Leipzig ដែលគាត់ស្ទើរតែមិនបានលេង ក៏សម្រេចចិត្តមកក្លិប Hertha ដោយរកបាន៥គ្រាប់ក្នុង១១ប្រកួតក្នុងរដូវកាលដំបូង ហើយគាត់បានបន្តរកបាន៧គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៥ដងកាលពីរដូវកាលមុន។
Matheus Cunha គឺជាផ្នែកមួយនៃក្រុមបាល់ទាត់ដែលឈ្នះពានរង្វាន់អូឡាំពិករបស់ប្រទេសប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ ខណៈដែលគាត់លេងជាខ្សែប្រយុទ្ធតែម្នាក់ឯង ហើយបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការប្រកួត៥លើករួមទាំងមួយគ្រាប់ទល់នឹងអេស្ប៉ាញដើម្បីឆ្ពោះទៅរកមេដាយមាស។
បច្ចុប្បន្ន Matheus Cunha បានចូលរួមជាមួយ Atletico Madrid ក្នុងតម្លៃ៣០លានអឺរ៉ូ ហើ់យកីឡាកររូបនេះនឹងសម្លឹងរកការប្រជែងជាមួយ Suarez, Correa និង Joao Felix ដើម្បីទទួលបានកៅអីក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Simeone ៕ (រូបភាព ៖ MARCA)