អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីរាយការណ៍ប្រចាំថ្ងៃនៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៧០២ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ២៧៣នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
បើតាមក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន១៨,៣៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៤២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២០,១៦៣នាក់ផ្សេងទៀត ក្រោយជាសះស្បើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
ដោយឡែក ប្រទេសថៃសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី២៥ ខែសីហា បានសរុបចំនួន២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា ថៃរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៣៩,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៥៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩៤៣,៧៨៤នាក់៕ដោយ៖ស តារា